ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ត្រាច ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានប្រើហិង្សាវាយទៅលើនារីម្នាក់ ដែលជាគ្រូពេទ្យរងរបួសធ្ងន់ធ្ងរ ដោយមូលហេតុភ្លើងគំនុំ ដោយតាមសុំស្នេហ៍តែនាងមិនព្រមស្រឡាញ់ខ្លួនវិញ។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។
បើយោងតាមមន្ត្រីនគរបាលនៃអធិការដ្ឋាននគបាលស្រុករមាសហែក បានឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះព្រាប ភារម្យ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
ចំណែកនារីរងគ្រោះ ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក រស់នៅភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក។
បើតាមការបំភ្លឺពីនារីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា៖ មុនកើតហេតុនាងបានជិះម៉ូតូចេញ ពីកន្លែងធ្វើការ នៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក គោលបំណងត្រឡប់មកផ្ទះដូចសព្វដង ខណៈនោះស្រាប់តែជនសង្ស័យដែលរស់ក្នុងភូមិឃុំជាមួយគ្នា បានតាមសុំស្នេហ៍រូបនាង ប៉ុន្តែនាងបានបដិសេធមិនព្រមស្រឡាញ់ទេ ហើយជននោះបានជិះម៉ូតូមកស្ទាក់ឈប់អែបពីមុខម៉ូតូនារីរងគ្រោះ រួចវាយលើនាងមួយដៃចំផ្ទៃមុខ ហើយបានបើកម៉ូតូបុកម៉ូតូនាងផ្តួលទៅលើចិញ្ចើមផ្លូវ រួចចាប់នាងច្របាច់កអូស ទៅខាងត្បូងថ្នល់ វាយជាច្រើនដៃបណ្តាលឲ្យនាងរបួសធ្ងន់ធ្ងរ ក្រោយមកនាងបានសំពះអង្វរ ទើបជនសង្ស័យព្រមឈប់វាយ ហើយជនសង្ស័យបានឡើងជិះម៉ូតូទៅផ្ទះយ៉ាងរំភើយ ទុកនាងចោលឲ្យអង្គុយឈឺចាប់តាមផ្លូវកន្លែងកើតហេតុ។
ប្រភពបន្តទៀតថា បន្ទាប់មកក្រុមគ្រួសារនារីរងគ្រោះ បានមកយកទៅមន្ទីរពេទ្យ ដើម្បីព្យាបាល និងដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចមូលដ្ឋានឲ្យជួយរកយុត្តិធម៌។
សមត្ថកិច្ចទទួលបានពាក្យបណ្តឹងភ្លាម ក៏ដឹកនាំកម្លាំងចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យ មកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលឃុំគគីរ។ ជនសង្ស័យបានសារភាពថា ខ្លួនពិត
ជាបានប្រើហិង្សាទៅលើនារីរងគ្រោះពិតប្រាកដមែន មូលហេតុខឹងនាង រឿងតាមសុំស្នេហ៍នាងជាង១ឆ្នាំហើយ នាងប្រកែកបដិសេធមិនព្រមស្រឡាញ់ខ្លួន ទើបស្ទាក់វាយតែម្តងទៅ។ ក្រោយពីជនសង្ស័យបានសារភាព សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនមកអធិការដ្ឋាននគបាលស្រុករមាសហែក រួចបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ចាត់ការបន្តតាមច្បាប់៕ ដោយ៖វ៉ៃកូ