ទីក្រុងប៉េកាំង ប្រទេសចិន ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានស្នើឲ្យភាគីចិន ដែលមាន លោកZhong Shan រដ្ឋមន្ត្រីពាណិជ្ជកម្មចិន ជួយទិញកសិផលពីកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត។ សំណូមពរនេះ ត្រូវបានលើកឡើងក្នុងជំនួបជាមួយលោក Zhong Shan រដ្ឋមន្ត្រីពាណិជ្ជកម្មចិន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងប៉េកាំង ប្រទេសចិន។
លោក ប៉ាន សូរស័ក្ដិ បានថ្លែងថា ក្រៅពីអង្ករដែលទទួលបានកូតានាំចូលប្រទេសចិនចំនួន ៣០ ម៉ឺនតោនក្នុងឆ្នាំ២០១៨នេះ កម្ពុជាមានកសិផលជាច្រើនទៀត ដូចជា ដំឡូងមី ពោត ចេក មៀន ស្វាយ ស្វាយចន្ទី កៅស៊ូ ។ល។ ដែលកំពុងសំឡឹងមើលទីផ្សារប្រទេសចិន សម្រាប់ធ្វើការនាំចេញ។ ចំពោះម្ស៉ៅដំឡូងមី ដែលកំពុងនាំចូលទីផ្សារ ប្រទេសចិន លោករដ្ឋមន្ត្រី បានស្នើឲ្យភាគីចិន ជួយសម្រួលយ៉ាងណា ដើម្បីឲ្យកម្ពុជា អាចនាំចូលទីផ្សារចិនបានកាន់តែច្រើន។
លោក Zhong Shan រដ្ឋមន្ត្រីពាណិជ្ជកម្មចិន បានមានប្រសាសន៍ថា ក្នុងនាមជាបងប្អូននឹងគ្នា នឹងសម្របសម្រួលជាមួយផ្នែកពាក់ព័ន្ធ ពិសេសអាជ្ញាធរ AQSIQ ដើម្បីបង្កើនការនាំចូលកសិផលពីកម្ពុជាមកកាន់ទីផ្សារប្រទេសចិន។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ក៏បានមានប្រសាសន៍ផងដែរថា កម្ពុជានឹងជំរុញសកម្មភាពពាណិជ្ជកម្មឲ្យកាន់តែផុលផុសថែមទៀត តាមរយៈការតាំងពិព័រណ៍ពាណិជ្ជកម្ម ការរៀបចំវេទិកា និងជំនួបពាណិជ្ជកម្មនានា ព្រមទាំងការដោះដូរព័ត៌មានពាណិជ្ជកម្មជាមួយភាគីចិន។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យស្តង់ដារម្ហូបអាហារ, e-Commerce និង ITC ភាគីទាំងពីរបានឯកភាពឲ្យមន្ត្រីជំនាញធ្វើការលម្អិតជាមួយគ្នា បន្ទាប់មកជូនរដ្ឋមន្ត្រីសម្រេច។
ចំពោះសំណើរបស់កម្ពុជា ដែលស្នើភាគីចិនជួយជំរុញឲ្យបញ្ចប់ការចរចា RCEP នៅឆ្នាំ២០១៨ លោក Zhong Shan បានបញ្ជាក់ថា ប្រាកដណាស់ចិននឹងជំរុញកិច្ចការនេះ ដើម្បីផលប្រយោជន៍តំបន់ទាំងមូល។
លោករដ្ឋមន្ត្រីចិន បានស្នើកម្ពុជាជួយជំរុញឲ្យពាណិជ្ជករកម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូល ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅទីក្រុងសៀងហៃ នៅខែវិច្ឆិកា ឆ្នាំ២០១៨។ ជាការឆ្លើយតប លោក ប៉ាន សូរស័ក្ដិ បានជម្រាបភាគីចិនថា កម្ពុជានឹងចូលរួមពិព័រណ៍ដ៏មានសារសំខាន់នេះ ដោយខិតខំជំរុញឲ្យមានអ្នកចូលរួមបានច្រើន ដើម្បីបង្ហាញផលិតផលខ្មែរ ដល់អន្តរជាតិឲ្យបានស្គាល់កាន់តែច្រើនថែមទៀត៕ ដោយ៖បញ្ញាស័ក្តិ