លោក Jimmy Lai អ្នកដែលមានអំណាច និងឥទ្ធិពលម្នាក់ក្នុងប្រព័ន្ធផ្សព្វផ្សាយហុងកុង ត្រូវបានចាប់ខ្លួននៅថ្ងៃចន្ទនេះ ក្រោយច្បាប់សន្តិសុខជាតិថ្មីពីបទឃុបឃិតជាមួយកងកម្លាំងបរទេស។
ការចាប់ខ្លួនលោក បង្ហាញឲ្យកាន់តែឃើញខ្លាំងពីការបង្ក្រាបលើអ្នកគាំទ្រប្រជាធិបតេយ្យ។
ជំនួយការរបស់លោកផ្ទាល់ឈ្មោះ Mark Simon បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ដូច្នេះថា “ពួកគេចាប់គាត់នៅផ្ទះ កាលពីព្រឹកម៉ោង ៧។ មេធាវីពួកយើងកំពុងតែធ្វើដំណើរទៅកាន់ប៉ុស្តិ៍ប៉ូលិស”។
លោកបន្ថែមថា សមាជិកមួយចំនួននៃក្រុមផ្សព្វផ្សាយរបស់លោក Jimmy Lai ក៏ត្រូវបានចាប់ខ្លួនផងដែរ។
លោក Jimmy Lai ជាម្ចាស់កាសែត Apple Daily និងទស្សនាវដ្តី Next Magazine ដែលជាប្រព័ន្ធផ្សព្វផ្សាយគាំទ្រលទ្ធិប្រជាធិបតេយ្យ និងជាអ្នករិះគន់ក្រុងប៉េកាំង។
សូមរំលឹកថា កាលពីពីរសប្តាហ៍មុនពេល រដ្ឋាភិបាលចិនបានចេញច្បាប់សន្តិសុខសម្រាប់ទីក្រុងហុងកុង លោក Jimmy Lai បានថ្លែងប្រាប់ AFP នៅពាក់កណ្តាលខែមិថុនាដូច្នេះថា “ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់គុក។ ប្រសិនវាកើតឡើង ខ្ញុំនឹងមានឱកាសអានសៀវភៅដែលខ្ញុំមិនធ្លាប់អាន។ អ្វីដែលខ្ញុំអាចធ្វើបានគឺ ត្រូវតែវិជ្ជមាន”។
ច្បាប់សន្តិសុខរបស់ក្រុងប៉េកាំងមានគោលបំណងទប់ស្កាត់ការផ្តាច់ខ្លួន ភេរវកម្ម និងការឃុបឃិតជាមួយបរទេស ប៉ុន្តែអ្នកជំនាញបានរិះគន់ថា ច្បាប់នោះនឹងបំផ្លាញដល់ស្វ័យភាពកម្រិតខ្ពស់របស់ហុងកុង។
ទាំងចិន និងហុងកុង បាននិយាយថា ច្បាប់នោះនឹងមិនប៉ះពាល់ដល់សេរីភាពប្រជាជនឡើយ។
ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ទៅឲ្យចិនវិញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀងមួយ ដែលផ្តល់សេរីភាព និងស្វ័យភាពកម្រិតខ្ពស់ដល់ទីក្រុងហុងកុងរយៈពេល ៥០ឆ្នាំ។ ហុងកុងជាផ្នែកមួយរបស់ចិន ប៉ុន្តែហុងកុងមានប្រព័ន្ធដឹកនាំដោយឡែកពីចិន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP