ខេត្តស្វាយរៀង ៖ រថយន្ត២គ្រឿងបានបុកគ្នាលាន់ដូចរន្ទះបាញ់កណ្តាលថ្ងៃត្រង់ ខ្ទេចមុខទាំងសងខាង ដោយសារម្ចាស់រថយន្តបាឡែនមានជាតិស្រវឹង នៅក្នុងខ្លួនគ្រប់គ្រងរថយន្តលែងបាន តែសំណាងល្អគ្មានអ្នករងរបួសធ្ងន់។
ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី៩ ខែ សីហា ឆ្នាំ២០២០ នៅត្រង់ខាងមុខផែស្ងួតសូងួន ចន្លោះគីឡូម៉ែត្រលេខ ១៦៤-១៦៥ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និង រថយន្ត ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើត។ រថយន្ត ទី១ ម៉ាក Camery បាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2U-5806
បើកបរដោយឈ្មោះ អ៊ឹម ស៊ីវ៉ូន ភេទប្រុសអាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅ ភូមិទួលច្រេស ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ថៃ ពុតឌី ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាកុត ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង (របួសស្រាល) បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកប៉ះ នឹងរថយន្តមួយគ្រឿងទៀត ម៉ាក Hilander ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2W-3807 បើកបរដោយឈ្មោះ រស់ សុភា ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឬស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកបរពីកើតទៅលិច បណ្ដាលឲ្យរថយន្តខូចធ្ងន់ (អ្នកបើកបរគ្មានរងរបួស) ។
ប្រភពដដែលបានបន្តថា: បច្ចុប្បន្ន អ្នករងរបួសបានសម្រាកព្យាបាលនៅមន្ទីរពេទ្យសោភ័ណ្ឌអូវ៉ាង ។
ហើយមូលហេតុ គឺបណ្តាលមកពីអ្នកបើកបររថយន្ត
Camery ប្រើប្រាស់ល្បឿនលឿន ក្នុងស្ថានភាពស្រវឹង ។ រីឯវត្ថុតាងទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ វ៉ៃកូ