ប្រទេសចិនបាននិយាយថា ខ្លួននឹងធ្វើការដាក់ទណ្ឌកម្មលើពលរដ្ឋអាមេរិចចំនួន ១១នាក់ ដោយក្នុងនោះរួមមានទាំងសមាជិកព្រឹទ្ធសភា និងមន្ត្រីជាន់ខ្ពស់ផងដែរ។
ការដាក់ទណ្ឌកម្មរបស់ចិនធ្វើឡើងដើម្បីឆ្លើយតបទៅនឹងអាមេរិច ដែលបានដាក់ទណ្ឌកម្មកាលពីពេលថ្មីៗនេះលើមន្ត្រីចិន និងហុងកុងចំនួន ១១រូបដូចគ្នាដែលអាមេរិចនិយាយថា ជនទាំងនោះបំបាត់សេរីភាពផ្នែកនយោបាយនៅហុងកុង។
ក្នុងចំណោមមន្ត្រីអាមេរិច ដែលចិននឹងដាក់ទណ្ឌកម្មរួមមាន សមាជិកព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋឈ្មោះ Ted Cruz និង Marco Rubio ព្រមទាំង Kenneth Roth ដែលជានាយកប្រតិបត្តិនៃអង្គការឃ្លាំងមើលសិទ្ធិមនុស្ស។
ចិនមិនមានគោលដៅលើមន្ត្រីអាមេរិច មកពីរដ្ឋបាលរបស់ដូណាល់ ត្រាំឡើយ។
ចិននិយាយថា ទណ្ឌកម្មគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងវិធានការ ធ្វើដោយអាមេរិចដើម្បីប្រឆាំងនឹងមន្ត្រីនៅហុងកុង។
“ដើម្បីឆ្លើយតបទៅនឹងអាកប្បកិរិយាមិនត្រឹមត្រូវរបស់អាមេរិច ចិនបានសម្រេចចិត្តដាក់ទណ្ឌកម្ម លើបុគ្គលដែលបានប្រព្រឹត្តិអាក្រក់លើបញ្ហាទាក់ទងនឹងហុងកុង”។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian។
សូមរំលឹកថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជា ដើម្បីដាក់ទណ្ឌកម្មលើមេដឹកនាំហុងកុង អ្នកស្រី Carrie Lam ព្រមទាំងអតីត និងមេប៉ូលិសបច្ចុប្បន្ននៅហុងកុង និងធ្វើការបង្កកទ្រព្យសម្បតិ្តពួកគេ និងហាមក្រុមហ៊ុនអាមេរិចពីការធ្វើជំនួយជាមួយពួកគេ ដោយសារជនទាំងនោះបំផ្លាញសេរីភាពនៅហុងកុង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC