កូរ៉េខាងត្បូង និងអាមេរិចនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ពួកគេនៅក្នុងសប្តាហ៍នេះ ប៉ុន្តែនឹងមិនមានការចល័តទ័ពនៅមូលដ្ឋានអាមេរិចឡើយ បន្ទាប់ពីមានការកាត់បន្ថយទ្រង់ទ្រងសមយុទ្ធ ដោយសារព្រួយបារម្ភពីវីរុស COVID-19។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ។
ប្រទេសសម្ព័ន្ធមិត្តទាំងពីកំពុងធ្វើការពិភាក្សាគ្នាដើម្បីកែសម្រួលសមយុទ្ធ ដែលជាធម្មតាសមយុទ្ធត្រូវធ្វើឡើងក្នុងខែសីហា ដោយសារតែវីរុសរំខានដល់ការធ្វើដំណើររបស់ទាហានអាមេរិច។
បើតាមសារព័ត៌មាន Yonhap សមយុទ្ធនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១៦ ដល់ ២៨ខែសីហានេះ ប៉ុន្តែមានការកាត់បន្ថយទ្រង់ទ្រាយ។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា គម្រោងមិនទាន់ត្រូវបានសម្រេចចុងក្រោយនៅឡើយទេ។
កងកម្លាំងអាមេរិចប្រចាំកូរ៉េ (USFK) បានរកឃើញការឆ្លងវីរុសកូរ៉ូណាចំនួន យ៉ាងតិច ៦៥ករណីក្នុងចំណោមទាហាន បុគ្គលិក និងគ្រួសាររបស់ពួកគេចាប់តាំងពីខែកក្កដាមក បណ្តាលឲ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង ដែលរស់នៅជិតមូលដ្ឋានរបស់អាមេរិច។
ការធ្វើសមយុទ្ធរួមរវាងកូរ៉េខាងត្បូង និងអាមេរិចត្រូវបានកូរ៉េខាងជើង តាមដានយ៉ាងយកចិត្តទុកដាក់ ហើយកូរ៉េខាងជើងហៅការធ្វើសមយុទ្ធនោះថា ជាការសមសម្រាប់ធ្វើសង្គ្រាមឈ្លានពានខ្លួន។
ការធ្វើសមយុទ្ធឆ្នាំនេះ ក៏នឹងផ្តល់ឱកាសក្នុងការវាយតម្លៃពីការត្រៀមខ្លួន រួចរាល់របស់កូរ៉េខាងត្បូង ដើម្បីគ្រប់គ្រងប្រតិបត្តិការសង្គ្រាម៕
ប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters