សហរដ្ឋអាមេរិចបានសម្រេចកិច្ចព្រមព្រៀងតម្លៃ ១,៥ពាន់លានដុល្លារជាមួយនឹងក្រុមហ៊ុនផលិតថ្នាំ Moderna ដើម្បីទទួលបានវ៉ាក់សាំង COVID-19 ចំនួន ១០០លានដូស (dose)។ នេះបើតាមក្រុមហ៊ុន និងសេតវិមានបញ្ជាក់កាលពីថ្ងៃអង្គារ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាមេរិចបានបង្កើតកិច្ចព្រមព្រៀងដើម្បីយកវ៉ាក់សាំង COVID-19 រាប់លានដូសពីក្រុមហ៊ុនជាច្រើន ដែលជាផ្នែកមួយនៃដៃគូរវាងឯកជន និងរដ្ឋ ដែលមានគោលបំណងចែកចាយវ៉ាក់សាំងក្នុងប្រទេសនៅបំណាច់ឆ្នាំនេះ។
វ៉ាក់សាំងដែលព្រមព្រៀងគ្មាមានតម្លៃចន្លោះពី ២០ដុល្លាទៅ ៤២ដុល្លាក្នុងមួយដូស។
វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានឈ្មោះថា mRNA-1273។ វាគឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងផ្សេងទៀតដែលបានឈានដល់ការសាកល្បងដំណាក់កាលចុងក្រោយ ហើយវានឹងបញ្ចប់ការសាកល្បងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុននៅក្នុងខែនេះ។
អាមេរិចបានបង្កើតកិច្ចព្រមព្រៀងជាច្រើនដើម្បីនាំយកវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុន Johnson & Johnson ក្រុមហ៊ុន AstraZeneca Plc ក្រុមហ៊ុន Pfizer Inc and BioNTech SE និង Sanofi SA and GlaxoSmithKline Plc។
កិច្ចព្រមព្រៀងនោះនឹងត្រូវផលិតវ៉ាក់សាំងច្រើនជាង ៥០០លានដូសសម្រាប់អាមេរិច។ កិច្ចព្រមព្រៀងខ្លះ ក៏ផ្តល់ជម្រើសឲ្យអាមេរិចទិញវ៉ាក់សាំងបន្ថែមដែរ។
សូមរំលឹកផងដែរថា អាមេរិចបានផ្តល់ទឹកប្រាក់ ១ពាន់លានដុល្លាកាលពីមុន ដល់ក្រុមហ៊ុន Moderna សម្រាប់ការស្រាវជ្រាវរបស់ខ្លួន នាំឲ្យថវិការសរុបដែលអាមេរិចចំណាយជាមួយក្រុមហ៊ុនមានតម្លៃ ២,៥ពាន់លានដុល្លា។
ក្រៅពីអាមេរិច ក៏មានប្រទេសផ្សេងៗទៀត ដូចជា ជប៉ុន អង់គ្លេស កាណាដា ក៏បានបង្កើតកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយនឹងក្រុមហ៊ុនផលិតថ្នាំ៕
ប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters