ញូវហ្សឺឡែនរកឃើញការឆ្លងវីរុសកូរ៉ូណា ចំនួន ១៤ករណីថ្មីទៀត មួយថ្ងៃក្រោយពេលរដ្ឋាភិបាលបានដាក់ទីក្រុង Auckland ក្នុងការរឹតបន្តឹងឡើងវិញ។
កាលពីដើមសប្តាហ៍នេះ ញូវហ្សឺឡែនបានរកឃើញករណីឆ្លងវីរុសថ្មីជាលើកដំបូងបង្អស់នៅក្នុងទីក្រុងខាងលើ បន្ទាប់ពីមិនមានការឆ្លងថ្មីអស់រយៈពេល ១០២ថ្ងៃ។ ការឆ្លង ៤ករណីដំបូងបង្អស់នោះ កើតឡើងលើសមាជិកគ្រួសារមួយ ដែលមិនមានប្រវត្តិធ្វើដំណើរសោះកាលក្នុងរយៈពេលចុងក្រោយ។
ប្រជាជននៅក្នុងទីក្រុងនេះនឹងត្រូវគេប្រាប់ឲ្យស្នាក់នៅតែផ្ទះ ចំណែកការជួបជុំធំៗនឹងត្រូវហាមឃាត់។ អាជីវកម្មដែលមិនចាំបាច់នឹងត្រូវបិទ និងត្រូវអនុវត្តវិធានការគម្លាតសង្គមឡើយវិញ ទូទាំងប្រទេស។
ក្នុងចំណោមការឆ្លង ១៤ករណីបន្ថែម មាន ១៣ករណីពាក់ព័ន្ធនឹងគ្រួសារនោះ ខណៈដែលមួយករណីទៀត ជាអ្នកធ្វើដំណើរមកពីបរទេស និងត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក។
បន្ទាប់ពីរកឃើញការឆ្លងលើកដំបូង រដ្ឋាភិបាលបានប្រកាសបិទទីក្រុង Auckland រយៈពេល ៣ថ្ងៃដោយចាប់ផ្តើមពីថ្ងៃពុធម្សិលមិញ។
នាយករដ្ឋមន្ត្រី Jacinda Ardern ថ្លែងក្នុងសន្និសីទសាព័ត៌មានថា “ពួកយើងមើលឃើញពីស្ថានភាពធ្ងន់ធ្ងរដែលយើងកំពុងមាន។ វាកំពុងត្រូវបានដោះស្រាយជាបន្ទាន់ ប៉ុន្តែតាមវិធីស្ងៀមស្ងាត់”។
សូមបញ្ជាក់ថា ញូវហ្សឺឡែនទទួលបានកោតសរសើរយ៉ាងខ្លាំង ចំពោះវិធានការរបស់ខ្លួន ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតរបស់វីរុសមរណៈ ដោយប្រទេសមានប្រជាជនជិត ៥លាននាក់នេះ គ្មានការឆ្លងថ្មីរហូតដល់ ១០២ថ្ងៃជាប់គ្នា។
បើតាមតួលេខចុងក្រោយ ញូវហ្សឺឡែនមានអ្នកឆ្លងសរុបចំនួន ១.៥៨៩នាក់ និងអ្នកស្លាប់ចំនួន ២២នាក់។ អ្នកជាសះស្បើយមាន ១.៥២៣នាក់
បច្ចុប្បន្ន ប្រទេសដែលមានប្រជាជនជិត ៥លាននាក់នេះ មានអ្នកជំងឺត្រឹម ៣៦នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាល៕
ប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC