ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា៖ ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាពិភពលោក និងងើបឡើងវិញមានទំរង់ជាអក្សរយូ (U)។ រីឯវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា និងងើបឡើងវិញ មានទំរង់ជាអក្សរវី (V) ងើបឡើងលឿនជាងទេសចរណ៍ជាលក្ខណៈអន្តរជាតិ។
ការលើកឡើងរបស់ឯកឧត្តម ថោង ខុន ក្នុងឱកាសជួបពិភាក្សាគ្នា អំពីវិធានការជាដំណោះស្រាយ ចំពោះ វិស័យទេសចរណ៍នៅកម្ពុជា ក្នុងអំឡុងនៃការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ ជាមួយគណៈកម្មការទី៧ ទទួលបន្ទុកកិច្ចការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនា និងទេសចរណ៍ ដឹកនាំដោយឯកឧត្តមហ៊ុន ម៉ានី ប្រធានគណកម្មការនៃរដ្ឋសភាជាតិ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរាបជូនឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ទទួលបន្ទុកកិច្ចការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនា អំពីបញ្ហាប្រឈមជាច្រើនលើវិស័យទេសចរណ៍ នាអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ជាសាកល។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃថា៖ វិបត្តិនៃជំងឺកូវីដ១៩ ជាសាកលបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀតជាសាកល។ ដោយឡែកវិស័យទេសចរណ៍នៅកម្ពុជា បន្ទាប់ពីរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ត្រូវប្រើប្រាស់ពេលវេលាយ៉ាង តិច៣ឆ្នាំ ដើម្បីស្តារ និងលើកស្ទួយទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ឱ្យងើបឡើងវិញដូចដើមបាន។ វិស័យទេសចរណ៍នេះ មានផលប៉ះពាល់ជាង ៣០០០ទីតាំង និងបុគ្គលិកជាង ៥ម៉ឺននាក់ ដែលប៉ះពាល់ដល់ការងាររបស់ពួកគេ។
ចំពោះវិស័យផ្សេងៗ និងត្រូវការពេលវេលាស្តារ និងកសាងឡើងវិញ ក្នុងរយៈពេល៧ឆ្នាំ។ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា តាមការប៉ាន់ស្មាន ក្នុងឆ្នាំ២០២០នេះ វិស័យទេសចរណ៍នៅកម្ពុជា និងទទួលបាននូវកំណើនភ្ញៀវទេសចរណ៍ប្រមាណ ៧លាននាក់។ ប៉ុន្តែបន្ទាប់ពីទេសចរណ៍កម្ពុជា បានរងផលប៉ះពាល់ជាសកល ដោយជំងឺកូវីដ១៩នោះ ក្រសួងទេសចរណ៍រំពឹងថា វិស័យទេសចរណ៍នៅកម្ពុជាឆ្នាំ២០២៥និងងើបឡើងវិញ ដោយទទួលបានភ្ញៀវទេសចរណ៍បរទេស ៧លាននាក់។ បើការឆ្លងរាលដាលនៃជំងឺកូវីដ១៩បន្តអូសបន្លាយពេលយូរទៀត នោះវិស័យទេសចរណ៍កម្ពុជា អាចនិងងើបឡើងវិញបាន តាមការរំពឹងទុកនៅឆ្នាំ២០២៧។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណកម្មការនៃរដ្ឋសភាជាតិ បានមានប្រសាសន៍ថា ដោយផ្អែកលើស្ថានភាពការវិវត្តថ្មីៗ និងឥតឈប់ឈរនៃការរីករាលដាលជំងឺកូវីដ១៩ ជំងឺនេះបាននិងកំពុងបន្តជះឥទ្ធិពលអវិជ្ជមាន ដល់វិស័យទេសចរណ៍ មិនថាការប្រឈមលើវិស័យទាំងមូល និងការលំបាកនានារបស់ប្រតិបត្តិករក្នុងឧស្សាហកម្ម។
គណៈកម្មការទី៧រដ្ឋសភាទទួលបន្ទុកលើវិស័យទេសចរណ៍ផ្ទាល់ បានពិនិត្យពិភាក្សារួមគ្នា អំពីវិធានការជាដំណោះស្រាយ ចំពោះវិស័យទេសចរណ៍ ក្នុងបរិបទកូវីដ ១៩ និងក្រោយកូវីដ១៩ ព្រមទាំងការពិនិត្យលទ្ធភាព បង្កើនសកម្មភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា៕
ដោយ៖CEN