នៅថ្ងៃព្រហស្បតិ៍នេះ កោះតៃវ៉ាន់បានប្រកាសបង្កើនថវិកាចំនួន ១,៤ពាន់លានដុល្លារ សម្រាប់ការចំណាយលើវិស័យការពារជាតិនៅឆ្នាំក្រោយ។ ការប្រកាសពង្រឹងវិស័យការពារជាតិរបស់តៃវ៉ាន់ កើតឡើងបន្ទាប់ពីចិន បានធ្វើសមយុទ្ធយោធាកាលពីពេលថ្មីៗនៅក្បែរតៃវ៉ាន់។
កាលពីថ្ងៃចន្ទ តៃវ៉ាន់បាននិយាយថា យន្តហោះចំបាំងរបស់ចិន បានហោះកាត់ខ្សែបន្ទាត់នៃច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិច លោក Alex Azar កំពុងតែជួបជាមួយមេដឹកនាំតៃវ៉ាន់ អ្នកស្រី Tsai Ing-wen នៅក្នុងទីក្រុងតៃប៉ិ។ ចិនខឹងសម្បារយ៉ាងខ្លាំង ចំពោះដំណើរទស្សនៈកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិច។
គណៈរដ្ឋមន្ត្រីរបស់អ្នកស្រី Tsai Ing-wen កំពុងស្នើថវិការចំនួន ១៥,៤ពាន់លានដុល្លារ សម្រាប់ការចំណាយលើវិស័យយោធានៅឆ្នាំក្រោយ ចាប់ពីខែមករា ខណៈដែលការចំណាយលើវិស័យការពារជាតិក្នុងឆ្នាំនេះមានចំនួន ១៣ពាន់លានដុល្លារ។
ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីមក អ្នកស្រី Tsai Ing-wen បានធ្វើទំនើបកម្មកងកម្លាំងតៃវ៉ាន់ និងបានបង្កើនការចំណាយលើវិស័យការពារជាតិជាអទិភាព។
សំណើថវិកានោះត្រូវតែធ្វើការអនុម័តដោយសមាជិករដ្ឋសភា ទោះបីគណបក្សរីកចម្រើនប្រជាធិបតេយ្យរបស់អ្នកស្រី មានសំឡេងភាគច្រើនក្តីនៅក្នុងសភា។
មហាយក្សចិនមិនដែលបោះបង់ការប្រើប្រាស់យោធា ដើម្បីយកតៃវ៉ាន់មកគ្រប់គ្រងឡើយ និងបានប្រឆាំងការលក់អាវុធរបស់អាមេរិចទៅឲ្យតៃវ៉ាន់។ អាមេរិច ត្រូវបានចងដោយច្បាប់ក្នុងការផ្តល់ការការពារគ្រប់មធ្យោបាយដល់តៃវ៉ាន់។
សូមរំលឹកថា កាលពីឆ្នាំមុន ក្រសួងការបរទេសអាមេរិចបានអនុម័តការលក់អាវុធតម្លៃ ១០ពាន់លានដុល្លារទៅឲ្យតៃវ៉ាន់៕
ប្រៃសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters