ភ្នំពេញ ៖ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយ ខេមបូឌានិងជា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសហការី បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព (SRP) រវាងក្រុមហ៊ុនអេមរុរ៉ាយ ខេមបូឌា និងសហគមន៍កសិកម្មចំនួន២២ កាលពីថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព (SRP) ធ្វើជាមួយសហគមន៍កសិកម្មមកពីខេត្តចំនួន ៣គឺ ខេត្តកំពង់ធំ (១៦) ខេត្តកំពង់ចាម (២) និងខេត្តសៀមរាប (៤) ក្រោមការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីស្ថាប័នពាក់ព័ន្ធសំខាន់ៗ ក្នុងវិស័យស្រូវអង្ករកម្ពុជា រួមមានស្ថាប័នរដ្ឋ ស្ថាប័នឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូដូចជា CAVAC, IFC និងរៀបចំដោយអង្គការ CIRD។ សរុបអ្នកចូលរួមប្រមាណ ១០០នាក់។
ពិធីចុះហត្ថលេខានេះ ក៏មានការចូលរួមពីអាជ្ញាធរថ្នាក់ក្រោមជាតិ ដូចជា លោក ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ និង ផ្នែកនិយ័តករតំណាងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម តំណាងក្រសួងកសិកម្ម និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងក្រុមការងារ។
ជារួមគឺមានសមាសភាពមកពីបួនភាគី (4Ps) ដោយសហការធ្វើការរួមក្នុងភាពជាដៃគូ ដើម្បីលើកកម្ពស់ការចូលរួមពីគ្រប់ភាគី និងធានាបាននូវការផលិត ផ្គត់ផ្គង់ និងទីផ្សារស្រូវ SRP ជាដើម។
គូសបញ្ជាក់ផងដែរថា កិច្ចសន្យានេះគឺមានការចូលរួមផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព (SRP) ចំនួន ២២សហគមន៍កសិកម្មមកពីបីខេត្ត (កំពង់ធំ កំពង់ចាម និងសៀមរាប) គ្របដណ្តប់លើផ្ទៃដីចំនួន ២ ៣០៣ហិកតា ក្នុងបរិមាណស្រូវចំនួន ៥៥៣៦តោន។ កិច្ចសន្យានេះនឹងជួយធានាតម្លៃ និងទីផ្សារដល់គ្រួសារកសិករប្រមាណ ១៥១៦គ្រួសារ។
ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងអំពីតួនាទី និងគោលដៅរបស់សហព័ន្ធក្នុងអណត្តិទី៣ ក្នុងការជំរុញគោលដៅនាំចេញឲ្យបានស្របតាមទឹសដៅដាក់ចេញរបស់រដ្ឋាភិបាល និងជួយលើកកំពស់ទីផ្សារនិរន្តរភាព កសិករតាមរយៈកិច្ចសន្យាកសិកម្ម ដោយផ្តើមចេញពីស្រូវនិរន្តរភាព(SRP) ដែលបាននិងកំពុងចូលរួមអនុវត្តន៍ដោយសមាជិកសហព័ន្ធ មួយចំនួនរួមមានដួចជាGolden Rice , Signature of Asia និង ក្រុមហ៊ុនAmru Rice ជាដើម។
ឧកញ៉ាប្រធានសហព័ន្ធ ក៏បានលើកទឹកចិត្តដល់សហគមន៍កសិកម្ម ដើម្បីក្លាយជាសហគមន៍ និងជាកសិកជោគជ័យបាន គឺត្រូវប្រែក្លាយពីកសិករធម្មតា ទៅសហគ្រិនកសិករ ដែលអាចគ្រប់គ្រង និងទទួលបាននូវ៖ ១-ទីផ្សារ ២-បច្ចេកទេសគាំទ្រពីអង្គការដៃគូ និង ៣-កញ្ចប់ថវិកា ឬឥណទានសមស្របពីធនាគារ៕
ដោយ៖CEN