ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ និងគណៈកម្មការទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៣សីហាថា កម្ពុជានឹងបាត់បង់ចំណូលពីវិស័យទេសចរណ៍ប្រមាណ ៣.០០០លានដុល្លារ នៅក្នុងឆ្នាំ២០២០។
លោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថាការបាត់បង់ចំណូលពីវិស័យទេសចរណ៍នេះ គឺដោយសារតែដំណើរកម្សាន្តរបស់ភ្ញៀវទេសចរធ្លាក់ចុះដ៏ច្រើនលើសលុប ពិសេសភ្ញៀវទេសចរអន្តរជាតិ។
លោកបន្តថា ទេសចរណ៍ នៅឆ្នាំ២០២០នេះ ភ្ញៀវទេសចរអន្តរជាតិអាចធា្លក់ចុះដល់រង្វង់៨០ភាគរយ និងភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះ ក្នុងវង្វង់៥០ភាគរយ។
គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ កម្ពុជាមានភ្ញៀវទេសចរអន្តរជាតិ ត្រឹម១,១៨លាននាក់ ប៉ុណ្ណោះ។ ចំនួននេះគឺបានធ្លាក់ចុះ៦៤,៦ភាគរយ បើធៀបមនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ ការធា្លក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍បិទទ្វារអស់ជាង ៣.០០០កន្លែង និងមនុស្សដែលធ្វើការងារផ្ទាល់ក្នុងវិស័យនេះ បាត់បង់ការងារចំនួន៥០.០០០នាក់ ដោយគិតត្រឹមតែដើមខែសីហានេះ ប៉ុណ្ណោះ។
ក្រសួងទេសចរណ៍បានព្យាករណ៍ថា ឆ្នាំ២០២០នេះ កម្ពុជាអាចទទួលភ្ញៀវអន្តរជាតិបានប្រហែល ២លាននាក់ប៉ុណ្ណោះ ខណៈមុនមានវិបត្តិកូវីដ-១៩ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរ រហូតទៅដល់ជាង៧លាននាក់។ ចំនួនភ្ញៀវទេសចរដែលបាត់បង់ដោយសារជំងឺកូវីដ-១៩នេះ នឹងងើបឡើងវិញ ២,៥លាននាក់ នៅក្នុងឆ្នាំ២០២១ ប្រសិនបើជំងឺកូវីដ-១៩ លែងមាន ឬពិភពលោកអាចទប់ស្កាត់ជំងឺនេះបាននៅខែធ្នូ ឆ្នាំ២០២០ ឬដើមឆ្នាំ២០២១៕
ដោយ៖CEN