ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីណា បានចេញដីកាបង្គាប់ឱ្យមន្ត្រីពន្ធនាគារព្រៃស(ម១) នាំខ្លួនជនត្រូវចោទ ជាជនជាតិចិនម្នាក់ មកសាកសួរបន្ថែម ពាក់ព័ន្ធការចោទប្រកាន់ពីបទផលិត រក្សាទុក កែច្នៃ ជួញដូរ នឹងដឹកជញ្ជូនប្រមាណ២០០គីឡូក្រាម និង សារធាតុផ្សំជាង៣តោន កាលពីថ្ងៃទី១៣ខែសីហាឆ្នាំ២០២០។
ជនត្រូវចោទមានឈ្មោះ QIANG LIANG ភេទប្រុស ជាជនជាតិចិន(ហ្វីលីពីន) អាយុ៥៦ឆ្នាំបានចោទ ប្រកាន់ ពីបទផលិត រក្សាទុក កែច្នៃ ជួញដូរ នឹងដឹកជញ្ជូន ចំណែកជនជាតិខ្មែរឈ្មោះ ហ្វុង ហាឡុក ភេទប្រុស ចោទប្រកាន់ពីបទរក្សាទុក ជួញដូរ នឹងដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនកាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២០ ។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋាន កណ្តាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានចេញប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក និង ជួញដូរគ្រឿងមួយករណី ដោយចាប់បានឧក្រិដ្ឋជន២ នាក់ ក្នុងចំណោមមួយក្រុមដែលរួមគ្នា ប្រព្រឹត្តបទល្មើសជាប្រព័ន្ធ ដោយមាន គម្រោងការដឹកថ្នាំញៀនឆ្លងដែន ចេញពីប្រទេសមីយ៉ានម៉ា ឆ្លងកាត់ប្រទេសឡាវ និងថៃ ចូលមកកម្ពុជាប្រមាណជាង២០០ គីឡូក្រាម និងសារធាតុផ្សំ ជាច្រើនគីឡូ ក្នុងគោលបំណងនាំបន្តទៅកាន់កោះតៃវ៉ាន់ ប្រទេសចិន ។
ប្រភពបន្តថា ក្រោយពេលសមត្តកិច្ចនគរបាលជំនាញទទួលបានព័ត៌មានជាក់លាក់នៅ ថ្ងៃខែខាងលើនេះ បានដាក់កម្លាំងពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ្វុង ហាឡុក ជនជាតិខ្មែរ នៅចំណុចមុខខុនដូបាលីរីស្សត៣ ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលរូបគេបានទៅចាំយកអីវ៉ាន់(ថ្នាំញៀន)ដាក់តាមរថយន្តពីក្រុមហ៊ុនមួយ ។
បន្ទាប់ចាប់ជនជាតិខ្មែរម្នាក់នោះហើយ សមត្ថកិច្ចបន្តទៅឃាត់ជនជាតិចិនម្នាក់ទៀត ដែលមានឈ្មោះ QIANG LIANG នៅចំណុចផ្លូវលេខ១០៥K មុខវត្តតាំងកសាង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា នៅពេលឃាត់ខ្លួនមុខសញ្ញាទាំង២នាក់ខាងលើនេះរួចមក សមត្តកិច្ច បាននាំខ្លួនជនសង្ស័យទៅឆែកឆេរបន្ទប់មួយ នៅជាន់ទី៣០ នៃអាផាត់មិនបាលីរីស្សត២ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបានរកឃើញសារធាតុញៀន ឧបករណ៍ និងសម្ភារ រួមទាំងសារធាតុផ្សំផលិតគ្រឿងញៀនមួយចំនួនធំ ដែលក្រុមជនឧក្រិដ្ឋ រក្សា ទុកសម្រាប់កែច្នៃផលិតគ្រឿងញៀន៕ដោយ៖ ឡេងបញ្ញាឬទ្ធិ