ភ្នំពេញ៖ការចាប់នាំខ្លួនពាណិជ្ជករម្នាក់ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញកម្លាំង អាវុធហត្ថលើផ្ទៃប្រទេសបាន អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ឡុង ជាប ព្រះ រាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២០។
ជនសង្ស័យឈ្មោះ អ៊ុយ សាមន អាយុ៣៣ឆ្នាំ អាសយដ្ឋានស្នាក់នៅមិនពិតប្រាកដ មុខរបរ ពាណិជ្ជករ ទិញ. លក់ ម៉ាស ពីក្រៅប្រទេស មកចែកចាយក្នុងស្រុកត្រូវបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធពី បទឆបោកលើទឹកប្រាក់ប្រមាណជាង៣០ ម៉ឺន ដុល្លារអាមេរិក ។
បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺឆ្លងវីរុសកូវីដ១៩ ជន សង្ស័យ ត្រូវបានជនរងគ្រោះជាដើមបណ្តឹង ប្តឹងចោទថាបានទទួលយកលុយកក់ពីដើមបណ្តឹងប្រមាណជាង៣០ ម៉ឺនដុល្លារអាមេរិក ដែលគេ កុម្មង់ទិញម៉ាស សម្រាប់យកមកលក់ និងចែកចាយក្នុងប្រទេស ។
តាមសមត្ថកិច្ចអះអាងយោងតាមពាក្យបណ្តឹង ប៉ុន្តែក្រោយពីទទួលបានប្រាក់ពីជនរងគ្រោះ ជនសង្ស័យខាងលើមិន បានគោរពតាមការសន្យាទេ ថែមទាំងគេចវេះមិនព្រមចូលខ្លួន ដោះស្រាយ បំណុលនោះទៀតផង ដូច្នោះហើយ បានធ្វើឲ្យដើមបណ្តឹងប្តឹងសមត្ថកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។ ចំណែក ជនសង្ស័យ បានសារភាពថា លុយទាំងអស់នោះខ្លួនបានយកទៅកក់ឲ្យថៅកែថៃ មកដល់ពេលនេះ ថៅកែថៃក៏ មិនទាន់បានឲ្យម៉ាសមកខ្លួនផងដែរ បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតនៅក្នុង ចំណាត់ការរបស់តុលាការ កំពុងធ្វើការសាកសួរ៕ដោយ ៖ ឡេង បញ្ញាឬទ្ធិ