ភ្នំពេញ៖ វិស័យឯកជន បានមើលឃើញថា ការចរចាពាណិជ្ជកម្មសេរីរវាង កម្ពុជា-កូរ៉េ គឺជាការបើកច្រកឱ្យកម្ពុជាពង្រីកសក្តានុពលនាំចេញអង្កររបស់ខ្លួន ទទួលបានជោគជ័យ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា សម្រាប់វិស័យស្រូវអង្ករកម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងបើកផ្លូវឱ្យកម្ពុជាពង្រីកនូវសក្តានុពល ការនាំចេញអង្កររបស់ខ្លួន ក៏ដូចជាកេរ្តិ៍ឈ្មោះអង្កររបស់កម្ពុជា។
ដើម្បីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ នឹងចាប់ចរាចរណ៍នាពេលខាងមុខ ដ៏ខ្លីនេះ ក្រសួងពាណិជ្ជកម្ម បានធ្វើកិច្ចប្រជុំពិគ្រោះយោបល់ផ្តល់ និងទទួលព័ត៌មានជាមួយវិស័យឯកជន មុនឈានឆ្ពោះទៅរកកិច្ចចរចាជាផ្លូវការ។
ឯកឧត្តម ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េ បានឱ្យដឹងតាមប្រព័ន្ធទំនាក់ទំនងថា ការចរចា ជាមួយនឹងកូរ៉េ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ ហើយការចរចានេះ ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា កម្ពុជាបាននាំចេញអង្ករចំនួន ៤២៦.០៧៣ តោន ក្នុងរយៈពេល ៧ខែ នៅក្នុងឆ្នាំ២០២០ ដែលគិតជាកំណើន មានប្រមាណជា ៣៨.៣៣% ធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ចំពោះកំណើននៃការនាំចេញអង្ករក្នុងរយៈពេល៧ខែ ឆ្នាំ២០២០នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ នេះគឺដោយសារ៖ ១- តម្រូវការស្បៀងក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅតាមបណ្តាប្រទេសនាំចូល, ២-ការថយចុះនៃអត្រាពន្ធនាំចូលរបស់អង្ករកម្ពុជា ទៅកាន់ទីផ្សារ សហគមន៍អឺរ៉ុបពី ១៧០អឺរ៉ូ មក ១៥០អឺរ៉ូ, ៣-បរិមាណ និងសុពលភាពនៃកូតានាំចូលអង្ករកម្ពុជា ទៅកាន់ទីផ្សារចិននៅមានចំនួនច្រើន រួមនឹងការធ្វើពិពិធកម្មទីផ្សារទៅកាន់ទីផ្សារហុងកុង អូស្ត្រាលី រុស្ស៊ី និង ញូហ្សេឡេនជាដើម, ៤-ការធ្វើពិពិធកម្មប្រភេទអង្ករ ពីអង្ករកិនធម្មតាទៅរកទីផ្សារអង្ករសម្រូប អង្ករសរីរាង្គ, ៥-ការរក្សាបានកំណើនទីផ្សារនៅក្នុងប្រទេសម៉ាឡេស៊ី ប្រទេសប្រ៊ុយណេ និង ប្រទេសហ្កាប៊ុង ដែលប្រទេសទាំងបីនេះកាន់កាប់ចំណែកទីផ្សារប្រទេសកម្ពុជា ជិត១៥% នៃបរិមាណអង្ករនាំចេញសរុប»៕
ដោយ៖CEN