ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ ខណៈពួកគេជិះជណ្តើរយន្ត នៅក្នុងការដ្ឋានអគារកំពុងសាងសង់អតីតហាងម្ហូបចិនតាយតាយ បណ្ដាលឲ្យដាច់ធ្លាក់កន្ត្រកចុះមកក្រោម បង្កការភ្ញាក់ផ្អើលកាលពីម៉ោង១០និង៥៧នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅទីតាំងផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ វេហា ហៅ ម៉ៅ ភេទប្រុស អាយុ ២០ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនរងរបួសឈ្មោះ រ៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ មានអាសយដ្ឋាន ភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ពេលកើតហេតុគេនាំគ្នាភ្ញាក់ផ្អើល បន្ទាប់ពីឮសំឡេងលាន់សូរតែក្ឌាំង ចេញពីក្នុងការដ្ឋានសំណង់ ដែលកំពុងសាងសង់មានកម្ពស់15ជាន់ ហើយភ្លាមៗនោះដែរ ក៏ឮសូរសម្រែកថាជួយផងៗ ទើបគេនាំគ្នារត់ទៅមើលហើយដឹងថា មានមនុស្សធ្លាក់នៅក្នុងជណ្ដើរយន្ត ពីជាន់លើបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។
ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីមានហេតុការណ៍នេះ កើតឡើងភ្លាមៗអាជ្ញាធរមូលដ្ឋាននិងលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះមកដល់ទីតាំងកើតហេតុ ចាត់ចែងឲ្យមន្ត្រីជំនាញធ្វើរបាយការណ៍ ហៅមេការសំណង់រួមទាំងម្ចាស់ការដ្ឋាន ដើម្បីធ្វើកំណត់ហេតុ និងផ្អាកការសាងសង់ជាបណ្ដោះអាសន្នផងដែរ។ ចំណែកជនរងគ្រោះ ដែលរងរបួសធ្ងន់នោះ ត្រូវបានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកបញ្ជូន ទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជាបន្ទាន់។
ក្រោយពីកើតហេតុ បន្ទាប់ពីអ្នករបួស២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរ៕ ដោយ៖ផាន់ណា+មីដា