ព្រះសីហនុ៖ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីគោរពដួងព្រះវិញ្ញណក្ខន្ធ ថ្វាយព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះមហាវីរៈក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ គម្រប់ខួប៥ឆ្នាំ នាសាលប្រជុំធំ របស់សាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែតុលា ។
ពិធីនេះ រដ្ឋបាលខេត្តនេះ បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយព្រះករុណាព្រះ បរមរតនកោដ្ឋ ព្រះមហាវីរៈក្សត្រព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះមហាក្សត្រ ព្រះបីតាឯករាជ បូរណៈភាពទឹកដី និងឯកភាពជាតិខ្មែរ ដោយមានមន្ត្រីរាជការមកពីស្ថាប័នពាក់ព័ន្ធបានចូលរួមច្រើនកុះករ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការរៀបចំពិធីនេះ បានអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំចាត់តាំង ព្រះរាជពិធីបុណ្យទ្វាទសមាស បុណ្យប្រពៃណីជាតិ ប្រពៃណីសាសនា បុណ្យជាតិ និងបុណ្យអន្តរជាតិ។
លោកបន្តថា ការរៀបចំពិធីនេះ ក៏ដើម្បីតបស្នង ព្រះមហាករុណាទិគុណ និងព្រហ្មវិហាធ៌ម ដ៍ថ្លៃថ្លា ឧត្តុងឧត្តម វិសេសវិសាល របស់ព្រះបរមរតនកោដ្ឋ ដែលបានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យ បូរណភាពទឹកដីផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
ពិធីនេះ លោក យន្ត មីន បានចាត់តាំងឲ្យមន្ត្រីសាលាខេត្តព្រះសីហនុ រួមសហការគ្នាជាមួយថ្នាក់ដឹកនាំនៅតាមមន្ទីរអង្គភាព ស្ថាប័នរដ្ឋ ក្រោមឱវាទខេត្តនេះ ឲ្យរៀបចំប្រារព្វធ្វើពិធី គោរពដួងព្រះវិញ្ញាណក្ខ័ន្ធ ថ្វាយព្រះកុសល ដល់ព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ ទៅតាមប្រពៃណី សាសនា ដោយត្រូវនិមន្តព្រះសង្ឃ ធ្វើពិធី សូត្រមន្តបង្សុកូល និងរាបបាត្រ តាមបែបព្រះពុទ្ធសាសនាជាតិខ្មែរ។
ជាងនេះ ក៏តម្រូវឲ្យប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ ត្រូវសហការផ្សព្វផ្សាយពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់ខួប ៥ឆ្នាំនេះ ឲ្យបានទូលំទូលាយ តាមវិទ្យុ ទូរទស្សន៍ រដ្ឋ ឯកជន និងចាក់ផ្សាយអំពីព្រះរាជជីវប្រវត្តព្រះសកម្មភាព និងស្នាព្រហស្ថ របស់ ព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះជាតិ សាសនា និងប្រជារាស្ត្រនៃយើង។
ព្រះបរមរតនកោដ្ឋ បានយាងចូលទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្ម ៩០ព្រះវស្សា នាទីក្រុងប៉េកាំង ប្រទេសចិន៕ សត្យា