ខេត្តរតនគិរី ៖ បុរស ២នាក់យកផាវគ្រាប់បែក ទៅកែច្នៃធ្វើជាគ្រាប់បំផ្ទុះបោកយកត្រី បណ្តាលឲ្យផ្ទុះត្រូវរបួសខ្លួនឯងធ្ងន់ធ្ងរ ព្រឹកថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០១៨ តាមបណ្ដោយមាត់អូរតាង ស្ថិតក្នុងភូមិសំ ឃុំយ៉ាទង់ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
បុរសទាំង២នាក់ គឺឈ្មោះ សេវ ទំ អាយុ២៨ឆ្នាំ របួសដាច់ដៃខាងស្ដាំ និងដងខ្លួន ឈ្មោះ សេវ ខ្វា អាយុ ២១ឆ្នាំ រងរបួសតាមដងខ្លួន ស្ទើរសុសសាច់។ អ្នកទាំង២នាក់ ជាជនជាតិចារាយ មានលំនៅភូមិតេនសុស ឃុំយ៉ាទង់ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាមួយគ្នា។
បើតាមការឲ្យដឹងពីលោកកវរសេនីយ៍ត្រី ងយ ដន អធិការងនគរបាលស្រុកអូរយ៉ាដាវ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានបញ្ជាក់ថា បុរសទាំង២នាក់ បានយកផាវគ្រាប់បែកមូលៗប៉ុនមេដៃ ទៅបកក្រដាសចេញយករំសេវ ឲ្យបានច្រើន រួចយកមកដាក់ក្នុងកំប៉ុងត្រីខ ហើយយកខ្សែឈ្នួនផាវនោះ ដាក់ចូលសម្រាប់ដុតបំផ្ទុះ ខណៈពួកគេ ទៅឈរមាត់ទឹកដុតខ្សែឈ្នួន ដើម្បីបោះទៅក្នុងទឹក ឲ្យផ្ទុះងាប់ត្រី តែចៃដន្យគ្រាប់កែច្នៃនោះ បានផ្ទុះភ្លាមៗពេលពួកគេកំពុងកាន់គ្រាប់នៅក្នុងដៃ ។ បុរសទាំង២នាក់ត្រូវបានដឹកជញ្ជូនតាមរថយន្តសង្គ្រោះរបស់ស្នងការរដ្ឋាននគរបាលខេត្ត យកមកសង្គ្រោះ នៅបមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕ ដោយ៖បញ្ញាស័ក្តិ