ភ្នំពេញ៖ យោងអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន JETRO បានឱ្យដឹងថា គិតត្រឹមរយៈពេល ៦ខែ ឆ្នាំ២០២០ សរុបពាណិជ្ជកម្មទ្វេភាគីកម្ពុជា ជប៉ុនមានចំនួនជាង ១ប៊ីលានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុន មានចំនួនទឹកប្រាក់ជាង ៧៩១,៦៦៩,០០០ដុល្លារ ដោយឡែកកម្ពុជានាំចូលពីជប៉ុនមានទឹកប្រាក់ជាង ២១៨,៦១៥,០០០ដុល្លារ ។
វិនិយោគិនជប៉ុន ភាគច្រើនបាន វិនិយោគនៅកម្ពុជា ក្នុងវិស័យ ឧស្សាហកម្ម សណ្ឋាគារ និង ទេសចរណ៍ ធនាគារ សំណង់ និងអចលនទ្រព្យ និង ជាពិសេសវិស័យ លក់រាយ ផ្សារទំនើប វិស័យសេវាកម្ម និង ភោជនីយដ្ឋាន ជាដើម។
ទិន្នន័យ JETRO បង្ហាញថា ផលិតផលសំខាន់ៗ ដែលកម្ពុជា បាននាំចេញ ទៅជប៉ុន មានដូចជា ស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គំម៉ាស៊ីនអគ្គិសនី ចំណែកជប៉ុននាំចូល មកកម្ពុជាវិញមាន ផលិតផលគ្រឿង ម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងចក្រសម្រាប់ វិស័យកសិកម្ម និងគ្រឿង បរិក្ខារ សម្រាប់ លំនៅដ្ឋានជាដើម។
កន្លងមក ជប៉ុន បានយកកម្ពុជា ជាគោលដៅ វិនិយោគទី១ សម្រាប់គម្រោងវិនិយោគដ៏សម្បើម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែងនៅថ្ងៃនេះ ចាប់ពីថ្ងៃទី ២១ដល់ ២៣ ខែសីហា ឆ្នាំ ២០២០ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ មកធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ៣ថ្ងៃ ដែលដំណើរទស្សនកិច្ចនេះ នឹងជំរុញការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជា នៅក្រោយវិបិត្តកូវីដ១៩។
ប្រទេសជប៉ុន បាននាំមុខគេ ក្នុងសហគមន៍អន្តរជាតិ ដែលបានជួយដល់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលមានកម្រិត ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩។ ប្រទេសកម្ពុជា ជប៉ុនបានកំពុងចូលរួមចំណែកតាមរយៈការផ្តល់សម្ភារៈពេទ្យ (អាវពេទ្យសម្រាប់ការពារ និងស្រោមដៃជាដើម)នៅខែកុម្ភៈកន្លងទៅ និងការផ្តល់បរិក្ខារវេជ្ជសាស្ត្រ និងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងទឹកប្រាក់ប្រមាណ៤,២០០លានយ៉េន ព្រមទាំងជំនួយបច្ចេកទេសតាម និងសម្ភារផ្សេងៗក្នុងទឹកប្រាក់ប្រមាណ១ពាន់លានយ៉េន តាមរយៈអង្គការអន្តរជាតិផងដែរ។
កាលពីឆ្នាំ២០១៤ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រមុខការទូតជប៉ុនរូបនេះ បានមកធ្វើទស្សនកិច្ចនៅកម្ពុជាជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចផងដែរ។
បើប្រៀបធៀបជាមួយឆ្នាំ២០១៤ ដែលលោកបានធ្វើដំណើរទស្សនកិច្ចលើកមុន ចំនួនប្រជាជនជប៉ុននៅកម្ពុជាបានកើនឡើង២.២ដង (ពី១,៧៩៣នាក់ ដល់៣,៩៣៤នាក់) រីឯក្រុមហ៊ុនជប៉ុនកើន២.៧ដង (ពី១៤២ក្រុមហ៊ុន ដល់ ៣៨៨ក្រុមហ៊ុន)។ ចំណែកឯពាណិជ្ជកម្មទ្វេភាគីកើន២.៣ដង (ពី១០០លានដុល្លារអាមេរិករហូត ដល់២៣០លានដុល្លាអាមេរិក)។ ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសជប៉ុនកើន ៤.៣ដង (ពី៣,៤៣៦នាក់ ដល់១៥,០២០នាក់)។
លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានអះអាងថា ដើម្បីពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត យើងនឹងបន្តកិច្ចពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបើកឡើងវិញនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងវិស័យធុរកិច្ច តាមលក្ខណៈសមស្រប នឹងការការពារការឆ្លងរាលដាលសារជាថ្មីនៃកូវីដ១៩។ ប្រទេសកម្ពុជា ស្ថិតនៅទីកណ្តាលនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ដែលតភ្ជាប់តំបន់មេគង្គ និងពាក់កណ្តាលនៃចំនួនប្រជាជន ជាយុវជនវ័យក្មេង និងស្វាហាប់អាយុក្រោម ២៥ឆ្នាំ ដែលនេះជាសក្តានុពល ធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានភាពកាន់តែស៊ីជម្រៅថែមទៀត៕
ដោយ៖CEN