ប្រទេសកូរ៉េខាងជើង នឹងបញ្ជូនមន្ត្រីជាន់ខ្ពស់បំផុតរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងកំឡុងព្រឹត្តិការណ៏អូឡាំពិករដូវរងា ក្រោយពេលភាពតានតឹងរវាងកូរ៉េទាំងពីរហាក់មានភាពធូរស្រាល។ នេះបើតាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃច័ន្ទនេះ។
បើតាមការបញ្ជាក់របស់ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា មន្ត្រីកូរ៉េខាងជើង Kim Yong-nam ដែលជាប្រមុខរដ្ឋ នឹងធ្វើការដឹកនាំគណៈប្រតិភូចំនួន ២២នាក់ មកប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រសប្តាហ៏នេះ ដែលជាថ្ងៃចាប់ផ្តើមការប្រកួតកីឡាអូឡាំពិក។
អត្តពលិករបស់កូរ៉េទាំងពីរ នឹងធ្វើការហែរក្បួនព្យុះហយាត្រាដោយប្រើទង់ជាតិតំណាងតែមួយ សម្រាប់ការបើកព្រឹត្តិការណ៏កីឡាអូឡាំពិក។
លោក Kim Yong-nam គឺជាប្រធានសភា នឹងក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់កូរ៉េខាងជើង ដែលនឹងធ្វើដំណើរមកកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ។
មន្ត្រីម្នាក់របស់វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងប្រាប់ BBC ដោយមិនបញ្ចេញឈ្មោះថា ពួកគេជឿជាក់ថា វាគឺជាការឆ្លុះបញ្ជាងពីឆន្ទៈរបស់កូរ៉េខាងជើងក្នុងការបង្កើនទំនាក់ទំនងជារវាងកូរ៉េទាំងពីរ និងជាការបង្ហាញពីភាពស្មោះត្រង់របស់កូរ៉េខាងជើង។
សូមបញ្ជាក់ដែរថា កូរ៉េខាងជើង បានបន្ទន់ឥរិយាបទរបស់ខ្លួន ដោយបកមករកការចរចារជាមួយនឹងកូរ៉េខាងត្បូង ក្រោយពេលប្រទេសនេះបានរងសម្ពាធយ៉ាងខ្លាំងពីអន្តរជាតិជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ទោះយ៉ាងណា ការចូលរួមរបស់កូរ៉េខាងជើងក្នុងព្រឹត្តិការណ៏អូឡាំពិច នៅកូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថា ជាកលល្បិចកាទូតរបស់កូរ៉េខាងជើង៕