រថភ្លើងដឹកអ្នកដំណើរចំនួន ១៤៧នាក់ បានបុកគ្នាជាមួយនឹងរថភ្លើងដឹកប្រេង នៅក្នុងរដ្ឋ South Carolina បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង ១១៦នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន BBC នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ។
អ្នកដែលស្លាប់ទាំង ២នាក់ ជាបុគ្គលិរបស់ក្រុមហ៊ុនរថភ្លើង Amtrack។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោកអភិបាលរដ្ឋនោះតែម្តង។
រថភ្លើងដឹកអ្នកដំណើរ កំពុងធ្វើដំណើរពីទីក្រុង New York ឆ្ពោះទៅកាន់ទីក្រុង Miami នៅពេលវាបុកគ្នាជាមួយនឹងរថភ្លើងដឹកទំនិញនៅម៉ោង ២និង៣៥នាទីព្រឹក (ម៉ោងនៅកន្លែងកើតហេតុ) បណ្តាលឲ្យទូរថភ្លើងជាច្រើនបានធ្លាក់ចេញពីផ្លូវ។
លោកអភិបាលរដ្ឋខាងលើ ឈ្មោះ Henry McMaster បាននិយាយថា រថភ្លើងដឹកអ្នកដំណើរបានបើកបរនៅលើផ្លូវខុស នៅពេលដែលមានគ្រោះថ្នាក់កើតឡើង។
សូមបញ្ជាក់ថា កាលពី ៤ថ្ងៃមុន ក៏មានករណីគ្រោះថ្នាក់ រវាងរថភ្លើង បុកជាមួយឡានដឹកសំរាមនៅក្នុងរដ្ឋ Virginia បណ្តាលឲ្យអ្នកបើកបរឡាននោះស្លាប់បាត់បង់ជីវិត៕ សុភ័ក្ត្រ