Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធធារាសាស្ត្រ ដំណាក់​ឈើ​ក្រំ នឹង​ផ្តល់​ទឹក​ផ្គត់ផ្គង់​បង្កបង្កើន​ផល​ស្រូវ ប្រមាណ ១៦.១០០ ហិកតា​

​ខេត្ត​ពោធិ៍សាត់​៖ គម្រោង​សាងសង់​ឡើង​វិញ​ប្រព័ន្ធធារាសាស្ត្រ ដំណាក់​ឈើ​ក្រំ ស្ថិតក្នុង​ខេត្ត​ពោធិ៍សាត់ នឹង​ផ្តល់​ទឹក​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ការងារ​បង្កបង្កើនផល​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ ប្រមាណ ១៦.១០០ ហិកតា​។ ពាក់ព័ន្ធ​នឹង​គម្រោង រសៀល​ថ្ងៃ​អាទិត្យ ទី​៤ ខែ​កុម្ភៈ ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​អនុវត្ត​គម្រោង​នេះ។​

​ថ្លែង​នៅក្នុង​ពេល​ចុះ​ពិនិត្យ​ការងារ​នោះ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា បន្ទាប់​ពី​ទំនប់​លេខ ៣ ទំនប់​លេខ ៥ ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​អំពិល ប្រព័ន្ធធារាសាស្ត្រ​ចារឹក ប្រព័ន្ធធារាសាស្ត្រ​អូរ​រកា ប្រព័ន្ធធារាសាស្ត្រ​ធ្លា​ម្អម ប្រព័ន្ធធារាសាស្ត្រ​កំប៉ាង ប្រព័ន្ធធារាសាស្ត្រ​ក្រូចសើច​… ប្រព័ន្ធធារាសាស្ត្រ ដំណាក់​ឈើ​ក្រំ គឺ​សមិទ្ធផល​ដ៏​ធំ​ថ្មី​មួយទៀត ដែល​នឹង​លេច​ចេញ​រូបរាង​នៅក្នុង​ទឹកដី​នៃ​ខេត្ត​ពោធិ៍សាត់​នាពេលខាងមុខ ។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា គម្រោង​នេះ នឹង​ផ្តល់​ទឹក​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ការងារ​បង្កបង្កើនផល​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ ប្រមាណ ១៦.១០០ ហិកតា នៅក្នុង​ស្រុក​ភ្នំក្រវាញ និង​ស្រុក​បាកាន ។​

​សូម​ជម្រាប​ជូន​ថា ការសាងសង់​ឡើងវិញ​ប្រព័ន្ធធារាសាស្ត្រ ដំណាក់​ឈើ​ក្រំ ត្រូវបាន​បែងចែក​ជា ៣ កញ្ចប់ រួមមាន៖ កញ្ចប់​​​ទី ១ (Package I) ៖ សាងសង់​សំណង់​មេ​កាត់​ស្ទឹង​ពោធិ៍សាត់ ចំនួន​១ កន្លែង ត្រង់​ចំណុច​ភូមិ​ដំណាក់​ឈើ​ក្រំ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ​។ កញ្ចប់​ទី ២ (Package II) ៖ ជីក​ប្រឡាយ​មេ​១ ខ្សែ ប្រវែង ១៦.០០០ ម៉ែត្រ និង​សាងសង់​សំណង់​សិល្បការ សរុប​ចំនួន ២៨ កន្លែង និង កញ្ចប់​ទី ៣ (Package III) ៖ ជីក​ប្រឡាយ​រង ៤ ខ្សែ សរុប​ប្រវែង ៦៨.៩៨១ ម៉ែត្រ និង​សាងសង់​សំណង់​សិល្បការ សរុប​ចំនួន ២១៥ កន្លែង ។​

​នៅ​ក្នុង​ការសាងសង់​ជំហាន​ដំបូង ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចាប់​អនុវត្ត​នូវ​កញ្ចប់​ទី ២ (Package II) នោះ​គឺ​ការជីក​ប្រឡាយ​មេ ១ ខ្សែ ប្រវែង ១៦ គីឡូម៉ែត្រ លាតសន្ធឹង​លើ​ឃុំ​ផ្ទះ​រ៉ុង ឃុំ​សំរោង ឃុំ​បាក់​ចិញ្ចៀន នៃ​ស្រុក​ភ្នំក្រវាញ និង​ឃុំ​តា​លោ ឃុំ​ខ្នារ​ទទឹង នៃ​ស្រុក​បាកាន ។ ប្រឡាយ​មេ ១ ខ្សែ​នេះ នឹង​មាន​បំពាក់​នូវ​សំណង់​សិល្បការ​តូច ធំ សរុប​ចំនួន ២៨ កន្លែង ។ មកដល់​ពេល​បច្ចុប្បន្ន ការអនុវត្ត​កញ្ចប់​ទី ២ សម្រេច​លទ្ធផល​បាន​ប្រមាណ ១៧% ហើយ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×