ភ្នំពេញ ៖ បន្ទាប់ពីចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ក្នុងរយៈពេល ១៣ឆ្នាំ កន្លងមកនេះ កម្ពុជាក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួចនិងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលមានសមាជិកចំនួន១៦៤ (មានប្រទេសកំពុងតម្រង់ជួរសុំចូលចំនួន ៣៣ ផ្សេងទៀត) បានពុះពារគ្រប់ឧបសគ្គ និងសម្រេចបាននូវសមិទ្ធផលដ៏ធំធេង ដែលជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
បើតាមសាររបស់ក្រសួងពាណិជ្ជកម្ម អំពីខួបលើកទី ១៣ឆ្នាំ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា ពីឆ្នាំ២០០៤ ដល់ ឆ្នាំ២០១៧ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៣តុលានេះ បានបង្ហាញថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានទស្សនៈវិស័យច្បាស់លាស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួមដ៏សកម្មពីគ្រប់ក្រសួង-ស្ថាប័ន និងជនរួមជាតិទាំងអស់ ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤។ បើគិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នេះ គឺជាខួបលើកទី១៣ នៃការចូលជាសមាជិកអង្គការអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា។
សមិទ្ធផលមួយចំនួន ក្នុងចំណោមសមិទ្ធផលធំៗជាច្រើន ដែលសម្រេចបានដោយរាជរដ្ឋាភិបាលកម្ពុជាពីសមាជិកភាពក្នុងរយៈពេល១៣ឆ្នាំ នេះ រួមមាន៖
១)រក្សានិងបង្កើនការវិនិយោគលើវិស័យនានា ជាពិសេសលើវិស័យកាត់ដេរ សម្លៀកបំពាក់ដែលមានត្រឹមតែ ២០៩រោងចក្រ នៅក្នុងឆ្នាំ២០០៣ និងកម្មករត្រឹមតែ ២៥ម៉ឺននាក់ ហើយប្រាក់ឈ្នួលអប្បរមាត្រឹមតែ ៤៥ដុល្លារ ក្នុងមួយខែ តែបច្ចុប្បន្នមានរហូតដល់ ៥៥៦រោងចក្រ កម្មករកើនដល់ ៦៥ម៉ឺននាក់ (ប្រមាណ ៨៨ ភាគរយជាស្ត្រី) និងប្រាក់ឈ្នួលអប្បរមាកើនដល់ ១៧០ដុល្លារ ដោយរួមបញ្ចូលប្រាក់ថ្លៃធ្វើដំណើរនិងអត្ថប្រយោជន៍នានាចំនួន ១៧ដុល្លារ ផងដែរ។ ២)បានបើកច្រកទីផ្សារនាំចេញទៅជាច្រើនប្រទេស បានធ្វើឲ្យការនាំចេញទូទៅបានកើនឡើងពី ២ពាន់លានដុល្លារ ក្នុងឆ្នាំ២០០៣ ទៅចំនួនជាង ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧ (តាមស្ថិតិរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ)។ ៣)រក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាខ្ពស់ជាងគេ គឺក្នុងរង្វង់ ៧ ភាគរយ គិតជាមធ្យម ធៀបនឹងកំណើនរបស់ប្រទេសអភិវឌ្ឍន៍តិចតួចផ្សេងទៀត ក្នុងចន្លោះ ពីឆ្នាំ២០០៤ ដល់២០១៧។ ៤)អតិផរណាបានធ្លាក់ចុះពី ៥,៥ ភាគរយ ក្នុងឆ្នាំ២០១១ មកត្រឹម ១,២ ភាគរយ ក្នុងឆ្នាំ២០១៥ ដោយសារមានគោលនយោបាយរូបិយវត្ថុច្បាស់លាស់។ ៥)អត្រានៃភាពក្រីក្របានធ្លាក់ចុះពី ៤៧,៨ ភាគរយ នៅឆ្នាំ២០០៧ មកនៅ ១៣,៥ ភាគរយ ក្នុងឆ្នាំ២០១៤ ហើយកម្ពុជាក៏ទទួលបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥ ផងដែរ ដែលក្នុងនោះចំណូលជាតិសរុបចំនួន ១.០៧០ដុល្លារ សម្រាប់ប្រជាជនម្នាក់។ ៦)សមាជិកភាពរបស់កម្ពុជាក្នុងអង្គការពាណិជ្ជកម្មពិភពលោក បានផ្តល់នូវសិទ្ធិស្មើភាពជាមួយប្រទេសសមាជិកទាំងអស់ក្នុងការពិគ្រោះយោបល់ ពិភាក្សា ដោះស្រាយវិវាទ និងធ្វើការសម្រេចចិត្តនានារបស់អង្គការនេះ។ ៧)កម្ពុជាក៏ទទួលបានផងដែរនូវជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលពីអង្គការពាណិជ្ជកម្មពិភពលោក និងទទួលបានជំនួយសម្រាប់អភិវឌ្ឍន៍ពាណិជ្ជកម្ម ជាដើម។ល។ ៨)បានដើរតួនាទីជាប្រធានក្រុមសម្របសម្រួលនៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច កាលពីខែកុម្ភៈឆ្នាំ២០១៧ កន្លងទៅ ដែលបាននិងកំពុងជួយជំរុញដល់ការចរចានានា ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។
ក្នុងចន្លោះពីឆ្នាំ២០០៤ ដល់២០១៧ កម្ពុជាបានបណ្តុះបណ្តាលធនធានមនុស្ស កែទម្រង់ស្ថាប័ន និងរចនាសម្ព័ន្ធ កសាងលិខិតបទដ្ឋានច្បាប់និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលបានជួយសម្រួល និងទាក់ទាញការវិនិយោគពីបណ្តាប្រទេសជាច្រើនមកកម្ពុជា។ សមិទ្ធផលទាំងនេះ បាននិងកំពុងជួយដល់ការពង្រីកកំណើនសេដ្ឋកិច្ច បង្កើតការងារជូនប្រជាជនកម្ពុជា ព្រមទាំងជួយលើកតម្កើងកិត្យានុគោលភាព និងកិត្តិនាមកម្ពុជា ក្នុងឆាកអន្តរជាតិផងដែរ។
ក្រសួងពាណិជ្ជកម្ម ក៏ដូចជាបណ្តាក្រសួង-ស្ថាប័ននានានៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានមោទនភាព និងសម្តែងនូវការដឹងគុណដ៌ជ្រាលជ្រៅ ចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ជាលី