Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ទទួលបាន​ជើងហោះហើរ​ពី ៧ ទៅ ១០ ជើង​ក្នុង​មួយថ្ងៃ ខណៈ​វិស័យ​មួយ​នេះ​ខាតបង់​ប្រាក់​រាប់លាន​ដុល្លារ ដោយសារ​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ វិស័យ​អាកាសចរណ៍​កម្ពុជា រង​ការប៉ះពាល់​យ៉ាងខ្លាំង ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។ រដ្ឋាភិបាល​កម្ពុជា កន្លងទៅ បានសម្រេច​មិន​យកពន្ធ លើ​វិស័យ​អាកាសចរណ៍ ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​មួយ​នេះ មានលទ្ធភាព​ក្នុងការ​ចំណាយ និង​មិនឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ក្ស័យធន​។​

​ដោយឡែក​ពេល​បច្ចុប្បន្ននេះ អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់​សេរី​វុត្ថា បានឱ្យដឹង​នៅ​ថ្ងៃទី ២៤ ខែសីហា​នេះ​ថា ជើងហោះហើរ​របស់​កម្ពុ​ជា មាន​ពី ៧​ជើង ទៅ ១០ ជើង​ដែរ ក្នុង​មួយថ្ងៃ ដោយ​រំពឹងថា ជើងហោះហើរ​នេះ និង​កាន់តែច្រើន​នាពេលខាងមុខ​។​

​លោក ស៊ិន ចាន់​សេរី​វុត្ថា បាន​លើកឡើងថា រហូតមកដល់​ពេលនេះ ជើងហោះហើរ​របស់​កម្ពុ​ជា​ពុំមាន​អ្វី​ប្រែប្រួល​នោះទេ ខណៈ​ដែលមាន​ក្រុមហ៊ុន​ជើងហោះហើរ​បរទេសមួយ​ចំនួន បានស្នើ​សុំ​ហោះហើរ​មកកាន់​កម្ពុជា​ឡើងវិញ នាពេលខាងមុខ​ដ៏​ខ្លី​។​

​លោក​មានប្រសាសន៍ថា “​មកដល់ពេលនេះ ដូចជា​គ្មានអ្វី​ប្រែប្រួល​ទេ ដោយ​គិត​ជា​មធ្យម កម្ពុជា​ទទួលបាន​ជើងហោះហើរ​ពី ៧ ទៅ ១០ ជើង​ដែរ​ក្នុង​មួយថ្ងៃ ពោល​គ្មាន​ការកើនឡើង និង​ថយចុះ​នោះទេ ហើយ នៅក្នុងពេល​ខាងមុខនេះ រំពឹងថា អាច​នឹងមាន​ការប្រែប្រួល ដោយមាន​ក្រុមហ៊ុន​មួយចំនួន បាន​ស្នើសុំ​ហោះហើរ​ឡើងវិញ​”​។​

​លោក​បន្ថែមថា “​ជើងហោះហើរ ដែល​បាន​ស្នើសុំ​ហោះហើរ​មក​កម្ពុជា​មានមក​ពី​ប្រទេស​សឹង្ហ​បុរី ហើយ​កាលពីពេល​ថ្មីៗ​នេះ ក៏មាន​ការឯកភាពរ​វាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន អនុញ្ញាត​ឱ្យមាន​ជើងហោះហើរ​ឡើងវិញ​នៅ​ចុងខែ​នេះ​ផងដែរ​” ។​

​គួរ​បញ្ជាក់ថា ជើងហោះហើរ​របស់​កម្ពុ​ជា ក៏ដូចជា​បណ្តា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក បាន​នឹង​កំពុង​ប្រឈម​បញ្ហា​រង​ផលប៉ះពាល់​ជាខ្លាំង ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩​ផងដែរ ខណៈ​វិស័យ​មួយ​នេះ ខាតបង់​ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​អាមេរិក​ក្នុងអំឡុង​ពេលនេះ​៕
ដោយ​៖CEN


×