ភ្នំពេញ ៖ អភិបាលរាជធានី ណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រៀបចំបង្កើតមណ្ឌលសុខភាពថ្មីមួយកន្លែង នៅសហគមន៍បុរីសន្តិភាព២ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យនិងមានរថយន្តសង្គ្រោះប្រចាំការ២៤ម៉ោង ដើម្បី បង្ខិតសេវាសុខាភិបាលបានកាន់តែជិតប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍នេះ។
ក្នុងដំណើរចុះសួរសុខទុក្ខ និងស្វែងយល់ពីសំណូមពររបស់ប្រជាពលរដ្ឋ ជិត១ពាន់គ្រួសារ រស់នៅសហគមន៍បុរីសន្តិភាព២ ស្ថិតនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលល្ងាច ថ្ងៃទី៣ កុម្ភៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសាន៏ថា ដើម្បី បំពេញតម្រូវការស្នើសុំសេវាសុំណូមពរពីបងប្អូនលើវិស័យសុខាភិបាល លោកបានណែនាំឲ្យមន្ទីរសុខាភិបាលរាជធានី ត្រូវរៀបចំបង្កើតឲ្យមានមណ្ឌលសុខភាពមួយនៅក្នុងសហគមន៍បុរីសន្តិភាព២នេះ និងមានរថយន្តសង្គ្រោះប្រចាំការ២៤លើ២៤ម៉ោង ដើម្បី ងាយស្រួលសង្គ្រោះបានទាន់ពេលវេលា នៅពេលបងប្អូនមានបញ្ហាផ្នែកសុខភាព ខណៈដែលសហគមន៏មួយនេះ ស្ថិតនៅឆ្ងាយពីមន្ទីរពេទ្យបង្អែក។ លោក អភិបាលរាជធានីបញ្ជាក់ថា ការណែនាំឲ្យមន្ទីរសុខាភិបាលរាជធានី បង្កើតមណ្ឌលសុខភាពនៅសហគមន៍ នេះ គឺធ្វើឡើងទៅតាមកាស្នើសុំរបស់ប្រជាពលរដ្ឋ ហើយអ្វីដែលជាតម្រូវការរបស់បងប្អូនប្អូន គឺប្រមុខរាជ រដ្ឋាភិបាលចង់បាន។
លោកអភិបាល ក៏បានណែនាំដល់ប្រជាសហគមន៍ ដែលអាជ្ញាធរផ្តល់ផ្ទះជូន ចំនួន៧ល្វែង ត្រូវចេះប្រើប្រាស់ និងថែរក្សាឲ្យបានល្អ ដើម្បីទុកជាប្រយោជន៍សាធារណៈនិងសម្រាប់ការងារសហគមន៍ឲ្យបានយូរអង្វែង។ក្រៅពីនេះ អាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធ ជានិច្ចកាលត្រូវគិតគូរពីតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ មិនធ្វេសប្រហែសឡើយ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា បន្ទាប់ពីទទួលបានការណែនាំពីឯកឧត្តមអភិបាល ណែនាំឲ្យបង្កើតមណ្ឌលសុខភាពនៅសហគមន៏នេះ មន្ទីរនឹងចាត់ចែង ដើម្បីសាងសង់មណ្ឌលសុខភាពជូនបងប្អូន ព្រោះថា បច្ចុប្បន្ន ប្រជាពលរដ្ឋរសើនៅក្នុងសហគមន៍នេះ មានការលំបាកខ្លះដែរ នៅពេលពួកគាត់មានជំងឺ ដោយសារមណ្ឌលសុខភាព ឬមន្ទីរបង្អែក នៅឆ្ងាយ។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍បុរីសន្តិភាព២ ជិត១ពាន់គ្រួសារនេះ គឺបានមកពីសហគមន៍ដីក្រហម សហគមន៍បឹងកក់ បុរូកីឡា និងមកពីប្រភពផ្សេងៗមួយចំនួនទៀត ដែលពួកគាត់បានផ្លាស់ប្តូរទីលំ នៅមករស់នៅក្នុងបុរីសន្តិភាព២នេះ តាំងពីឆ្នាំ២០០៦-២០០៩ លើផ្ទៃដីសរុប ២៣ហិកតា៕ ដោយ៖កូឡាប