បាត់ដំបង ៖ ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង បានព្រួយបារម្ភពីបញ្ហាឆ្លងជំងឺគ្រុនឈាម ខណៈមានមូសច្រើនខុសប្លែកពីរាល់ឆ្នាំនៅបាត់ដំបង ទោះបីជាជំងឺគ្រុនឈាម មិនមានការកើតឡើងច្រើនដូចឆ្នាំកន្លងទៅ ប៉ុន្តែសត្វមូសច្រើនខុសប្លែកជាងរាល់ឆ្នាំ។
ពលរដ្ឋនៅខេត្តបាត់ដំបង បានប្រាប់លើកឡើងថា នៅរដូវវស្សារនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយធ្វើឲ្យស្មៅនិងដើមឈើតូចធំ ដុះឡើងយ៉ាងស៊ុបទ្រុបនៅជុំវិញផ្ទះ រួមទាំងមានទឹកដក់តាមក្រឡុកតូចៗ ដែលបញ្ហានេះពួកគាត់ក៏បានខិតខំជម្រះស្មៅ កាប់ដើមឈើតូចធំ រួមទាំងបោសសម្អាតផ្ទះដូចរាល់ឆ្នាំផងដែរ ប៉ុន្តែសត្វមូសកើតឡើងច្រើន បង្កការរំខានដល់ការរស់នៅ។ ទោះបីឆ្នាំនេះ នៅក្នុងតំបន់ពួកគាត់រស់នៅ មិនទាន់មានការឆ្លងរីករាលដាលច្រើននូវជំងឺគ្រុនឈាម ប៉ុន្តែនៅតែមានការព្រួយបារម្ភជាខ្លាំង ខណៈការបង្ការ ការទប់ស្កាត់និងការបំផ្លាញសម្បុកសត្វមូស ពិសេសមូសខ្លា មិនមានប្រសិទ្ធភាព។
លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល បានប្រាប់តាមទូរស័ព្ទថា វិធានការ នៃការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាមនេះ មន្ទីរបានផ្ដល់នូវថ្នាំអាប៊ែត ទៅតាមស្រុកប្រតិបត្តិ ដើម្បីបាញ់ថ្នាំបង្ការ តាំងពីដើមរដូវវស្សារមកម្ល៉េះ ពិសេសស្រុកដែលកំពុងផ្ទុះច្រើននូវការឆ្លងជំងឺគ្រុនឈាម។ សម្រាប់ការទប់ស្កាត់មិនឲ្យមូសកើតឡើងច្រើននេះ មន្ទីរក៏បានណែរនាំអប់រំជាបន្តបន្ទាប់ ដល់ពលរដ្ឋក្នុងការបំផ្លាញសម្បុកមូសខ្លា មានលុបក្រឡុកទឹកតូចៗ កប់សម្បកកងឡាន ពាងទឹកត្រូវមានគម្រប់ត្រឹមត្រូវ រួមទាំងវិធានការមួយចំនួនទៀត ដែលពលរដ្ឋត្រូវអនុវត្តដោយខ្លួនឯង ប៉ុន្តែបើតំបន់ពួកគាត់រស់នៅ មានការសង្ស័យឆ្លងជំងឺគ្រុនឈាមច្រើន ក៏ត្រូវរាយការណ៍ទៅអាជ្ញាធរឬមន្ត្រីសុខាភិបាល ក្នុងការចុះទៅបាញ់ថ្នាំ ដើម្បីទប់ស្កាត់កុំឲ្យមានការរីករាលដាលច្រើនករណី។
គួរបញ្ជាក់ថា កាលឆ្នាំ២០១៩ ករណីជំងឺគ្រុនឈាមនៅក្នុងខេត្តបាត់ដំបង មានកើតឡើងច្រើននិងមានករណីស្លាប់ទៀតផង ប៉ុន្តែនៅឆ្នាំ២០២០នេះ ការឆ្លងជំងឺគ្រុនឈាមមានការថយចុះនិងពុំមានករណីស្លាប់នោះទេ៕ ដោយ ៖ អ៊ុងសារុំ