រាជធានីភ្នំពេញ៖ សំណុំរឿងអតីតអគ្គលេខាធិការរងនៃសហព័ន្ធបាល់ទាត់កម្ពុជា គៃបំបាត់យកប្រាក់ឧបត្ថម្ភរបស់ក្រុម ហ៊ុនថៃហ្គ័រសម្រាប់អភិវឌ្ឍវិស័យកីឡាបាល់ទាត់ប្រចាំឆ្នាំ ត្រូវបានចៅក្រមសាលាដំបូងរាជធានី ភ្នំពេញ លើកមកបើកសវនាការកាត់ទោសកាលពីព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០នេះ ។
សវនាការនេះធ្វើឡើងជាសាធារណៈដឹកនាំដោយចៅក្រម កី ម៉ាណេរ៉ា និងលោក សេង ហៀង ជាតំណាងអយ្យការ បានផ្ដើមចោទប្រកាន់ជនជាបចោទលោកម៉ៃ តុលា ភេទប្រុស អាយុ៤៨ឆ្នាំ ជាអតីតអគ្គលេខាធិការងសហព័ន្ធបាល់ទាត់កម្ពុជា ពីបទ « រំលោភទំនុកចិត្តពិសេសដោយអភិបាល » តាមមាត្រា៣៩៣នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩ ដែលមានទំហំទឹកប្រាក់បាត់បង់ចំនួន ៥៩.៧៣៦ ដុល្លារ ។
ក្នុងបន្ទប់សវនាការក្នុងស្ថានភាពប្រឈមមុខនឹងការចោទប្រកាន់តាមបទល្មើសខាងលើនេះ ជនជាប់ចោទ លោក ម៉ៃ តុលា បាននិយាយសារភាពកំហុសថា ខ្លួនគាត់ពិតជាបានយកប្រាក់របស់ក្រុមហ៊ុន ថៃហ្គ័រ ប្រើប្រាស់ខុសគោលដៅពិតប្រាកដមែន ។
ជនជាប់ចោទលោក ម៉ៃ តុលា បានសារភាពថា កាលពីឆ្នាំ២០១៣ ក្រុមហ៊ុនថៃហ្គ័រ បានសហការ ជាមួយ សហព័ន្ធកីឡាបាល់ទាល់កម្ពុជា ដើម្បីរៀបចំការប្រកួតកីឡាបាល់ទាត់ ថៃហ្គ័រស្គ្រីពហ្វូតបល ប្រចាំឆ្នាំនៅតាមបណ្ដាខេត្តមួយចំនួន និងរាជធានី ។
ជនជាប់ប្រាស់តុលាការទៀតថា មុខពេលនោះចាប់ខ្លួនសហព័ន្ធបាល់ទាត់កម្ពុជាបានចាត់តាំង គាត់ឲ្យដឹកនាំមន្ត្រីចំនួន ១៦នាក់ ដើម្បីសហការរៀបចាំការប្រកួតឡើងក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុនថៃហ្គ័រ ដោយមន្ត្រី សហព័ន្ធម្នាក់ត្រូវទទួលបានការឧបត្ថមប្រចាំថ្ងៃ៨០ដុល្លារ ក្នុងពេលប្រកួត និងឧបត្ថមសម្រាប់ការអភិវឌ្ឍសហព័ន្ធ កីឡាបាល់ទាត់ប្រចាំឆ្នាំចំនួន៣០% នៃការចំណាយប្រចាំឆ្នាំ ។
ជនជាប់បន្តថា ចំពោះប្រាក់ឧបត្ថម្ភ សម្រាប់សហព័ន្ធបាល់ទាត់កម្ពុជាក្នុងឆ្នាំ២០១៤ ខ្លួនគាត់បានបង់ បញ្ចូលមកសហព័ន្ធបាល់ទាត់កម្ពុជាបានតែមួយដងគត់ ។ ចំពោះបណ្ដាឆ្នាំកន្លងមកទៀតខ្លួនគាត់ មិនបានប្រគល់ អោយសហព័ន្ធបាត់ទាល់កម្ពុជាទេ ដោយបង្វែសាច់ប្រាក់ទាំងនោះ យកទៅចំណាយសម្រាប់ក្រុមការងារ ចំនួន ១៦ នាក់ ដែលចុះធ្វើការតាមបណ្ដាខេត្តផ្សេងៗ ដោយមិនប៉ះពាល់ថវិកា ដែលក្រុមហ៊ុនផ្ដល់ឲ្យក្រុមការងារទេ ដូច ជាការចំណាយលើការធ្វើដំណើរ ដេកពួន ហូបចុក ជាដើម ។
ថ្លែងពេលសវនាការ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធបាល់ទាត់កម្ពុជា និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានឆ្លើយបំភ្លឺថា ដំបូងឡើយសហព័ន្ធពុំបានដឹងពី បញ្ហាថវិកាអភិវឌ្ឍវិស័យ កីឡាបាល់ទាត់ដែលឧបត្ថម្ភ ដោយក្រុមហ៊ុនថៃហ្គ័រទេ ប៉ុន្តែនៅពេលត្រួតពីនិត្យមើលរបាយការរបស់ក្រុមហ៊ុនថៃហ្គ័រ និងរបាយការណ៍ប្រចាំឆ្នាំ របស់ក្រុមការងារលោក ម៉ៃ តុលា ទើបឃើញមានភាពមិនប្រក្រតីនៃការបាត់បង់ថវិកាឧបត្ថម្ភការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ទើបសហព័ន្ធបានកោះហៅក្រុមការងាររបស់លោក ម៉ៃ តុលា មកសួរនាំទើបគាត់ឆ្លើយ សារភាពហូរហែតាម ដំណើររឿងពីដើមដល់ចប់ ហើយប្រធានសហព័ន្ធបាល់ទាតក៏សម្រេច ប្រគល់សំណុំរឿងទៅអង្គភាពប្រឆាំងអំពើ ពុករលួយចាត់ការតាមច្បាប់ ។
ក្នុងសំណុំរឿងនេះដែរ សាក្សីឈ្មោះ ឆាំ ពិសិដ្ឋ ឈ្មោះ ទុយ វិច្ឆិកា និងឈ្មោះ គល់ ភារម្យ ដែលជាក្រុមការងារ សហការជាមួយក្រុមហ៊ុនថៃហ្គ័រ បានឆ្លើយដូចគ្នាថាពួកគាត់មិនដឹងពីបញ្ហាថវិកាឧបត្ថម្ភ ៣០% របស់ក្រុមហ៊ុនទេ គឺដឹងតែប្រាក់ឧបត្ថម្ភ៨០ដុល្លារក្នុងមួយថ្ងៃ ពេលមានការប្រកួត ប៉ុន្តែរាល់ការចំណាយផ្សេងៗរបស់ក្រុមការងារនៅតាមបណ្ដាខេត្ត គឺលោកម៉ៃ តុលា រ៉ាប់រងទាំងអស់ មិនប៉ះពាល់ប្រាក់របស់ក្រុមការងារទេ ៕ ដោយ ៖ ឡេងបញ្ញាឬទ្ធិ