បាត់ដំបង ៖ ប្រជាកសិករដាំក្រូចពោធិ៍សាត់នៅខេត្តបាត់ដំបង បានបង្ហាញការព្រួយបារម្ភ ពីការដែលមានក្រុមអាជីវករឬពាណិជ្ជករមួយចំនួន នាំផ្លែក្រូចប្រភេទដូចក្រូចពោធិ៍សាត់នេះ មកពីខាងក្រៅ ហើយលួចបន្លំកុហក់អតិថិជនថាជាផលិតផលក្រូចពោធិ៍សាត់ នៅខេត្តបាត់ដំបង ដែលបញ្ហានេះ ពួកគាត់ចាត់ទុកថាអ្នកទិញបាត់ទំនុបចិត្ត ចំពោះអ្នកដាំដុះពិតប្រាកដ។
ប្រជាកសិករម្នាក់ឈ្មោះ ឈឿន ណារ៉េតដែលដាំក្រូចពោធិ៍សាត់នៅក្នុងភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ បាននិយាយប្រាប់ថា សម្រាប់ទីផ្សារផ្លែក្រូចពោធិ៍សាត់ ក្នុងតំបន់ពួកគាត់ដាំ ទោះឆ្នាំនេះមានការរីករាលដាលជំងឺកូវី១៩ ក៏ពុំមានបញ្ហាអ្វីចោទរឿងតម្លៃនោះទេ។ ការលក់គិតជាចំនួនផ្លូនប្រភេទលេខ១មាន (៤០ផ្លែ) អាចលក់បាន ៥០ ០០០រៀល និងប្រភេទលេខ២ បាន៤ ៥០០០រៀល ប្រភេទលេខ៣ និងលេខ៤ ចុះតម្លៃតាមហ្នឹង។ ទោះបញ្ហាតម្លៃមិនមានការចោទ ប៉ុន្តែសម្រាប់ក្រូចពោធិ៍សាត់ នៅបាត់ដំបង កំពុងជួបបញ្ហាប្រឈម មានអ្នកនាំផ្លែក្រូចពីខាងក្រៅ (ប្រភេទដូចក្រូចពោធិ៍សាត់បាត់ដំបង។ បញ្ហានេះ ពួកគាត់ខ្លាចមានការលួចបន្លំផលិតផលក្នុងស្រុក ហើយពួកគាត់ស្នើសុំទៅមន្ទីរពាក់ព័ន្ធជួយត្រួតពិនិត្យ និងទប់ស្កាត់ផង។ សម្រាប់ទីផ្សារនាពេលបច្ចុប្បន្ន មានភាពងាយស្រួលរកជាងមុន ដោយសារមានប្រព័ន្ធបច្ចេកវិទ្យាទំនើប មានអ្នកទិញកុម្ម៉ងតាមទូរស័ព្ទក៏មាន តាមប្រព័ន្ធអនឡាញក៏មាន មិនបាច់យកទៅលក់នៅផ្សារដូចមុន ដោយក្រូចឆ្នាំនេះក៏ទទួលបានផលច្រើន ដែលលមួយដើមមានផ្លែដល់ជាង២០០ផ្លែ រកចំណូលបានច្រើនគួរសមផងដែរ ខណៈដីគាត់ដាំនេះមានទំហំកន្លះហិកតា ស្មើនឹងជាង ៣០០ដើមនេះ ។
គួរបញ្ជាក់ថា ដំណាំក្រូចពោធិ៍សាត់ ក្នុងខេត្តបាត់ដំបង ភាគច្រើនដាំនៅស្រុកសង្កែ ស្រុកបាណន់ ស្រុកឯកភ្នំ ស្រុកមោងឫស្សី ស្រុកបវេលជាដើម ដោយការដាំមានពីរយ៉ាងធំៗ គឺទី១ ដាំនឹងគ្រាប់ និងទី២ទៀត ដាំនឹងការផ្សាំដើមឬ(បំបៅ) ដែលភាគច្រើនកសិករដាំការផ្សាំ ព្រោះឆាប់ឲ្យផល គឺត្រឹមរយៈពេល៣ឆ្នាំ ចាប់ផ្ដើមចេះផ្លែ ៥ឆ្នាំពេញឲ្យលផ្លែបានច្រើន ប៉ុន្តែឆាប់ងាប់ដើម ចំណែកដាំគ្រាប់ ជិត១០ឆ្នាំទើបឲ្យផល ប៉ុន្តែរស់បានយូរឆ្នាំ ហើយសម្រាប់ផ្លែក្រូចពោធិ៍សាត់នេះ តាំងពីចាប់ផ្ដើមផ្កា រហូតដល់ផ្លែ រយៈពេល៨ខែ ទើបប្រមូលផលបាន៕ ដោយ ៖ អ៊ុងសារុំ