Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​ទេសចរណ៍​ពិភពលោក កោតសរសើរ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ចាត់វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩ និង​ចាប់ផ្តើម​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក​ឡើងវិញ​

​យោងតាម​លិខិត​របស់លោក ហ្សូ​រ៉ាប ប៉ូ​ឡូ​លីកា​ស្វ៊ី​លី អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ នៅ​ទីក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ា​ញ ដែល​បាន​គោរព​ផ្ញើជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បាន​កោតសរសើរ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព និង​សកម្ម​បំផុត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ អង្គការ​ទេសចរណ៍​ពិភពលោក​ក៏​សូម​ជូនពរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ឲ្យ​ជួបតែ​សុខ​សុវត្ថិភាព និង​សុខ​ភាពល្អ​អំឡុងពេល​នៃ​ថ្ងៃ​ឈប់សម្រាក​ពិធី​ចូលឆ្នាំ​ខ្មែរ ដែល​តាម​ប្រពៃណី​ប្រារព្ធ​ធ្វើឡើង​ក្នុង​ខែមេសា តែ​ត្រូវបាន​លើក​ពេល​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​អង្គការ​ទេសចរណ៍​ពិភពលោក​ពិតជា​រីករាយ​ខ្លាំងណាស់ ដោយ​បានឃើញ​កម្ពុជា​កំពុងតែ​ចាប់ផ្តើម​ទេសចរណ៍​ក្នុងស្រុក​ឡើងវិញ ស្ថិតក្រោម​ការគ្រប់គ្រង​ដ៏​ល្អ និង​បានដាក់​អនុវត្ត​វិធាន​សុវត្ថិភាព​ចាំបាច់ និង​អនាម័យ ក៏ដូចជា​គោលការណ៍​ណែនាំ​នានា​នៅតាម​តំបន់​ទេសចរណ៍​។ ការចាប់ផ្តើម​ឡើងវិញ​ប្រកបដោយ​ការទទួលខុសត្រូវ​នេះ ពិតជា​ស្របតាម​អនុសាសន៍​ណែនាំ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​។​

​អង្គការ​ទេសចរណ៍​ពិភពលោក​កំពុង​សម្រប​សម្រួលការ​បើក​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍ ដោយ​សហការ​ជាមួយ​ប្រទេស​ជា​សមាជិក និង​អង្គការ​អន្តរជាតិ​នានា តាមរយៈ​ការបង្កើត​គោលការណ៍​ណែនាំ និង​អនុសាសន៍​នានា សម្រាប់​ការចាប់ផ្តើម​ឡើងវិញ​នូវ​សកម្មភាព​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព និង​ការទទួលខុសត្រូវ​។ យើងខ្ញុំ​សូម​អរគុណ​ដល់​កម្ពុជា​ជា​អនេក សម្រាប់​ការចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការចូលរួម​យ៉ាងសកម្ម​របស់​កម្ពុជា ក្នុង​សកម្មភាព​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​អំឡុងពេល​វេលា​ដ៏​លំបាក​នេះ​។​

​ជាថ្មី​ម្តងទៀត អង្គការ​ទេសចរណ៍​ពិភពលោក​សូម​សំដែង​នូវ​ការកោតសរសើរ​ខ្ពស់​ចំពោះ​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្ត្រូ ដែល​តែងតែ​ទុក​សុខុមាលភាព និង​សុវត្ថិភាព​ប្រជាពលរដ្ឋ​ជា​អាទិភាព ហើយ​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ​នឹងចូលរួម​ចំណែក​ដល់​ការចាប់ផ្តើម​ឡើងវិញ​នូវ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព និង​ការទទួលខុសត្រូវ​ក្នុងប្រទេស​កម្ពុជា​៕ ដោយ ៖ CEN

×