Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម អ៊ិត សំហេង​៖ បានស្នើ និង​ជំរុញ​ឱ្យ​វិស្វករ​នៅក្នុង​តំបន់ មាន​សមត្ថភាព​ទៅតាម​ស្ដង់ដារ​អន្តរជាតិ​

​ភ្នំពេញ​៖ វិស្វករ​ជា​ស្ពាន​សម្រាប់​ត​ភ្ជាប់​បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយ​ផ្សារភ្ជាប់​ទៅនឹង​ការអភិវឌ្ឍ​ជីវភាព​សង្គម និង​តម្លៃ​វប្បធម៌​។ នេះ​ជាការ​លើកឡើង​របស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ពាក់កណ្តាល​អាណ​ត្តិ​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន (AFEO) លើក​ទី​១៩ និង​ការប្រកាស​ចាប់ផ្តើម​ប្រមូល​មូលនិធិ​សម្រាប់​ពានរង្វាន់​យុវ​វិស្វករ​ឆ្នើម​របស់ (AFEO) តាមរយៈ​ប្រព័ន្ធ​វីដេអូ​(Video Conference) ពី​ទីស្តីការក្រសួង​ការងារ នា​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​នេះ​។

​ក្នុងន័យនេះ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង ចង់​បញ្ជាក់ថា វិស្វករ​ត្រូវតែ​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ផ្លាស់ប្ដូរ​យោបល់ និង​បទពិសោធន៍​ជាមួយ​វិស្វករ​ដទៃទៀត ជាពិសេស​វិស្វករ​អាស៊ាន និង​វិស្វករ​ពិភពលោក ដើម្បី​បង្កើន​សមត្ថភាព​យល់ដឹង​របស់ខ្លួន​ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​។ ឯកឧត្តម​រដ្ឋមន្ត្រី សង្ឃឹមថា វិស្វករ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ដូច​ពេល​ប្រជុំ AFEO Mid-Term នាពេលនេះ ឬក៏​សន្និសីទ​នៃ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន​(CAFEO) តាម​ប្រទេស​នីមួយៗ គឺមាន​ឱកាស​ធ្វើការ​ជាមួយគ្នា រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ក្នុងការ​លើកកម្ពស់​ស​ម​ត្ថ​ភាព​របស់ខ្លួន ក៏ដូចជា​ការលើកស្ទួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​បង្កើនបាន​នូវ​ភាពសុខដុមរមនា ក្នុង​តំបន់​ជា​លក្ខណៈ​មហា​គ្រួសារ​តែមួយ​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បានស្នើ​ដល់​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន បន្ត​វប្បធម៌​ចែករំលែក​បទពិសោធន៍​ដ៏​ប្រពៃ​នេះ ដើម្បី​ជំរុញ​ឱ្យ​វិស្វករ​នៅក្នុង​តំបន់​មាន​សមត្ថភាព​ទៅតាម​ស្ដង់ដារ​អន្តរជាតិ និង​អាច​ដើរ​ទាន់​ការអភិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ នៃ​បណ្ដា​ប្រទេស​ជឿនលឿន​ក្នុង​សកលលោក​។ ឯកឧត្តម​មានជំនឿថា កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​សមាជិក​នៃ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន នឹង​ក្លាយជា​កម្លាំងចលករ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​សក្ដានុពល​ក្នុង​ការជំរុញឱ្យ​វិស័យ​សេវា​វិស្វកម្ម​នៅក្នុង​តំបន់​បោះជំហាន​ទៅមុខ ប្រកបដោយ​ភាពជោគជ័យ​។ លើសពីនេះ​ថែមទៀត គឺ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​គោលនយោបាយ​បច្ចេកវិទ្យា ដើម្បី​ការអភិវឌ្ឍ​ឱ្យបាន​ប្រសើរឡើង​ប្រកបទៅដោយ​ចីរភាព ព្រមទាំង​អនុវត្ត​ចំណេះដឹង​វិស្វកម្ម ដោយយោង​តាម​គុណ​តម្លៃ​សកល និង​ក្រមសីលធម៌​វិជ្ជាជីវៈ​វិស្វកម្ម​។ ព្រម​ជាមួយគ្នានេះ​ទៀត គឺ​ជំរុញ​ញ​ឱ្យមាន​ស្តង់ដារ​នៃ​ការអប់រំ​វិស្វកម្ម ការលើកកម្ពស់​តួនាទី​វិស្វករ​ស្ដ្រី​នៅក្នុង​ការអភិវឌ្ឍ​ជាតិ និង​តម្រូវការ​ជា​បន្តបន្ទាប់ នូវ​ការកសាង​សមត្ថភាព​សម្រាប់​វិស្វករ​វ័យក្មេង ជាការ​ចាំបាច់ ដែល​ត្រូវតែ​ពង្រឹង និង​ធ្វើឱ្យបាន​ប្រសើរឡើង​។​

​ក្នុងឱកាស​នោះដែរ ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា​នៃ​គណៈ​វិស្វករ​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ដល់​យុវ​វិស្វករ​អាស៊ាន​អំពី​ការគិតគូរ​ដល់​ការបង្កើត​សហគ្រិនភាព ការផ្តល់​បរិយាកាស​ឱ្យបាន​សមស្រប​ដើម្បី​អត្ថប្រយោជន៍ វិបុលភាព​សេដ្ឋកិច្ច និង​សង្គម និង​គាំទ្រ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​យុវ​វិស្វករ​ដែលមាន​ស្នាដៃ​ឆ្នើម ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ និង​មេដាយ​កិត្តិយស​សម្រាប់​ការប្រកួតប្រជែង​ប្រចាំឆ្នាំ​របស់​យុវ​វិស្វករ​អាស៊ាន​។

​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ AFEO Mid-Term ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​គាំទ្រ​នូវ​សំណើ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​នូវ​ពានរង្វាន់ និង​វិញ្ញាបនបត្រ​ដល់​យុវ​វិស្វករ​ដែលមាន​ស្នាដៃ​ឆ្នើម​១​រូប ក្នុង​មួយឆ្នាំ សម្រាប់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​នីមួយៗ និង​ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា ឯកឧត្តម​បាន​ឧបត្ថម្ភ​ថវិកា​ចូល​មូលនិធិ​សម្រាប់​ពានរង្វាន់​យុវ​វិស្វករ​ឆ្នើម​របស់ AFEO ចំនួន ប្រាំ​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​( $5,000) ក្រោម​ការចាត់ចែង និង​គ្រប់គ្រង​របស់​គណៈកម្មាធិកា​រ​នៃ​អគ្គលេខាធិការដ្ឋាន AFEO និង​ឯកឧត្តម បាន​អំពាវនាវ​ឱ្យ​ប្រទេស​ជា​សមាជិក​នៃ​អង្គការ AFEO ទាំងអស់​ជួយឧបត្ថម្ភ​ថវិកា​បន្ថែមទៀត​ដល់​មូលនិធិ​សម្រាប់​ពានរង្វាន់​យុវ​វិស្វករ​ឆ្នើម​របស់ AFEO ដើម្បី​ជួយ​គាំទ្រ​ដល់​សកម្មភាព​យុវ​វិស្វករ​អាស៊ាន​ដែលមាន​ស្នាដៃ​ឆ្នើម ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យុវ​វិស្វករ​អាស៊ាន ដែលជា​សសរទ្រូង​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ​នាពេល​អនាគត ។​

​ទន្ទឹមនឹងនោះ ក្នុងនាម​ប្រទេស​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី បាន​សំណូមពរ​ឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ មេត្តាជួយ​ជំរុញ​លើ​ការរៀបចំ​កម្មវិធីសិក្សា​វិស្វកម្ម និង​ការទទួលស្គាល់​គុណភាព​អប់រំ​វិស្វកម្ម ឱ្យមាន​ស្តង់ដារ​ប្រហាក់ប្រហែលគ្នា​មួយ ដើម្បីឱ្យ​វិស្វករ​ដែល​បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ នៃ​ប្រទេស​ក្នុង​តំបន់ មាន​ការទទួល​ស្គាល់គ្នា​ទៅវិញទៅមក ស្របទៅនឹង​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក ស្តីពី​សេវា​វិស្វកម្ម ដែល​បាន​ចុះហត្ថលេខា​ជាមួយគ្នា​កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០០៥ នៅ ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ។​

​សូមបញ្ជាក់​ផងដែរ​ថា គណៈ​វិស្វករ​កម្ពុជា ជា​អាជ្ញាធរ​វិស្វកម្ម​ជាតិ​ដែលមាន​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​អង្គការ AFEO និង​គណៈកម្មាធិការ​សម្របសម្រួល​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន (ACPECC)​។ កន្លងមក កម្ពុជា​ធ្លាប់បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​នៃ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន​ចំនួន​២​លើក​រួចមកហើយ​៖ លើក​ទី​១ CAFEO-20 ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​០២-០៤ ខែកញ្ញា ឆ្នាំ​២០០២ ក្រោម​ប្រធានបទ “ វិស្វកម្ម​សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​” ។ លើក​ទី​២ CAFEO-30 ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​១៦-១៩ ខែធ្នូ ឆ្នាំ​២០១២ ក្រោម​ប្រធានបទ​ស្តីពី “ អត្ថប្រយោជន៍​នៃ​សមាហរណកម្ម​សេវា​វិស្វកម្ម សម្រាប់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ដែលមាន​ការអភិវឌ្ឍ​តិចតួច ” ។

​សន្និសីទ​ទាំង​ពីរលើក​កន្លងមក និង​កិច្ចប្រជុំ​ក្នុងថ្ងៃនេះ គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​ដែល​ចូលរួម​ព​ន្លឿ​ន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព មាន​ចក្ខុវិស័យ​ឆ្ពោះ​ទៅតាម​ផែនការ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០២៥ (ASEAN ECONOMIC COMMUNITY BLUEPRINT 2025) និង​ជា​ចក្ខុវិស័យ​ដើម្បី​បង្កើតឱ្យមាន​ការយល់ដឹង​លក្ខណៈ​ស៊ីជម្រៅ អំពី​អត្ថប្រយោជន៍​នៃ​ការធ្វើសមាហរណកម្ម​ស​ម្រា​ប់ប​ណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​៕ ដោយ ៖ CEN

×