បាត់ដំបង ៖ ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យមើលពីការរៀបចំផ្លូវបេទីម ចុះពីស្ពានថ្មីនៅមុខសាលាខេត្ត ប្រវែង៨០ម៉ែត្រ និងការរៀបចំឲ្យមានសួនច្បារអមផ្លូវឡើងវិញ និងចុះពិនិត្យមើលនូវគម្រោងអភិវឌ្ឍន៍ផ្លូវបេតុង និងការរៀបចំប្រព័ន្ធប្រឡាយមេរំដោះទឹកភ្លៀង និងការដាក់លូ នៅអមតាមផ្លូវបេតុងថ្មី ក្នុងសង្កាត់ចំការសំរោង ក្រុងខេត្តបាត់ដំបង។
គម្រោងអភិវឌ្ឍន៍ផ្លូវបេតុង ការជីកប្រឡាយមេរំដោះទឹកភ្លៀងដើម្បីបញ្ចៀសពីការលិចលង់នៅក្នុងរដូវវស្សា ដែលតែងតែកើតមានយូរឆ្នាំកន្លងមក នៅក្នុងសង្កាត់ចំការសំរោង ក្រុង ខេត្តបាត់ដំបង និងការរៀបចំឲ្យមានប្រព័ន្ធលូ នៅតាមមុខផ្ទះប្រជាពលរដ្ឋនៅទីនោះ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។
ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការចុះពិនិត្យមើលការដ្ឋានការសាងសង់ផ្លូវបេទីម ប្រវែង៨០ម៉ែត្រ ដែលស្ថិតនៅមុខសាលាខេត្តចាស់ ក្នុងសង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង ដែលតភ្ជាប់ពីស្ពានថ្មចាស់ថ្មី ដែលទើបតែសាងសង់រួចរាល់ជាស្ថាពរថ្មីៗកន្លងទៅ។ ក្នុងការចុះទៅពិនិត្យមើលនេះ ក៏មានវត្តមានឯកឧត្តម ប៉ោ ទ្រីឌឿន ទីប្រឹក្សាសម្តេចក្រឡាហោម និងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង លោក គឹមហ៊ួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តនិងលោក ហានសាហ៊ីប នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ដែលជាម្ចាស់អនុវត្តគម្រោងផ្ទាល់ផងដែរ។ ផ្លូវដែលចុះពីស្ពានថ្មចាស់ថ្មីនេះ គឺត្រូវរៀបចាក់ក្រាលបេទីមលាតសន្ធឹង ពីក្បាលស្ពានទាំង២ ទាំងស្ពានថ្មចាស់ និងស្ពានថ្មថ្មី ក្នុងនោះក៏តម្រូវឲ្យរៀបចំសួនច្បារដាំដើមឈើ ផ្កា និងសួនស្មៅ នៅអមតាមដងផ្លូវផងដែរ។ ដោយឡែក ការចុះទៅពិនិត្យផ្លូវបេតុងថ្មីចំនួន២កន្លែង នៅក្នុងសង្កាត់ចម្ការសំរោង និងរៀបចំស្តារប្រឡាយចាស់និងធ្វើប្រ
ឡាយមេថ្មី និងរៀបចំនូវប្រព័ន្ធលូតាមុខមផ្ទះប្រជាពលរដ្ឋ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសំណូមពរដល់ប្រជាពលរដ្ឋនៅទីនោះ សូមចូលរួមជាមួយអាជ្ញាធរខេត្ត និងភូមិ-សង្កាត់របស់ខ្លួននិង សូមឲ្យមានការយោគយល់ធ្វើយ៉ាងណា ឲ្យគម្រោងស្តារនិងជីកប្រឡាយមេរំដោះទឹកភ្លៀង ដែលធ្លាប់តែលិចលង់ក្នុងភូមិ និងផ្ទះសម្បែងរបស់បងប្អូនកន្លងមក។ ដូចនេះក្រោយការសាងសង់កែលម្អរួចរាល់នោះ សមិទ្ធផលទាំងនេះ ជាប្រយោជន៍ផ្ទាល់របស់បងប្អូនទៅវិញទេ។ សូមបងប្អូនទាំងអស់ បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋានខ្លួននៅទីនេះ ដើម្បីឲ្យសម្រេចនូវគម្រោងជាក់ស្តែង ដែលកំពុងកើតមានក្នុងមូលដ្ឋានបងប្អូនផ្ទាល់ស្រាប់។
ឯកឧត្តម ងួនរតនៈ បានអរគុណ ថែមទាំងបានកោតសរសើរ ពីការចូលរួមរបស់បងប្អូនទីនោះ ដែលបានចូលរួម ជាមួយអា
ជ្ញាធរចេះរៀបចំដាក់ប្រព័ន្ធលូ នៅផ្លូវចូលមុខផ្ទះរបស់ខ្លួនបានល្អ ដែលធ្វើជាគម្រូដល់បងប្អូន ដែលមិនទាន់បានធ្វើ សុំឲ្យចូលរួមសកម្មភាពគំរូល្អៗទាំងនេះ ឲ្យបានផុលផុសដើម្បីបង្កើននូវសោភ័ណភាពកាន់តែល្អថែមទៀត នៅក្នុងភូមិ-សង្កាត់របស់ខ្លួន។
លោក ហាន ស៊ីហ៊ីប នាយកផែនការវិនិយោគសាលាខេត្តបាត់ដំបង បានឲ្យដឹងថា គម្រោងដែលបានចុះទៅពិនិត្យមើលនោះ មានគម្រោងការងារជួសជុលកែលម្អផ្លូវ ដោយចាក់ក្រាលបេតុងពីគល់ស្ពានថ្មចាស់ថ្មី ប្រវែង៨០ម៉ែត្រ ទទឹង៧,៧ម៉ែត្រ និងរៀបចំសួនច្បារ៨០ម៉ែត្រឡើងវិញ។ ពិនិត្យមើលគម្រោងការស្តារប្រឡាយមេរ ពោធិ៍ហ្មស្រី (ពោធិ៍ម៉ស្រី) ទៅដល់ផ្សារពោធិវង្ស ប្រវែង១.៣៩០ម៉ែត្រ ទទឹងមាត់លើ ប្រវែង៨ម៉ែត្រ និងជម្រៅបាត២ម៉ែត្រ ដាក់លូ៩កន្លែង លូមុខកាត់១ម៉ែត្រ ចំនួន ១២៥កង់។ គម្រោងជួសជុលផ្លូវបេតុងសរសៃដែក នៅផ្លូវលេខ ៥០៧ ចាប់ពីផ្លូវលេខ ៥៣០ ដល់ផ្លូវ៥៤០ ដែលមានប្រវែង៩៥០ម៉ែត្រ ទទឹងផ្លូវ៥ម៉ែត្រ និងដាក់លូឆ្លងកាត់ផ្លូវ ១កន្លែង ចំនួន៨កង់និងមានមុខកាត់ ១ម៉ែត្រ ជាប់ប្រឡាយសង្កាត់ចំការសំរោង ក្រុង ខេត្តបាត់ដំបង ផងដែរ៕ ដោយ៖អ៊ុងសារុំ