ភ្នំពេញ ៖ ការសម្រេចផ្តន្ទាទោសអាជីវករលក់ទំនិញតាមអនឡាញ(Online)មានឈ្មោះកួយ សំអាត ភេទប្រុសអាយុ៣៥ឆ្នាំរូបនេះបានសម្រេចដោយ លោក កេត សុជាតិ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ខែ សីហាឆ្នាំ២០២០នេះ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសនៅក្នុងពេលសវនាការជាសាធារណៈនៅចំពោះមុខជនជាប់តែម្តងបន្ទាប់ពីតុលាការបានរកឃើញទោសកំហុសដូចបទចោទប្រកាន់។
តុលាការបានបញ្ជាក់ថាមុនពេលចាប់ខ្លួនជនជាប់ចោទឈ្មោះ កូយ សំអាត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកលក់ទំនិញតាម Online រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញដោយប្រកាសទោស ដាក់ពន្ធនាគារចំនួន២ឆ្នាំតែតម្រូវឲ្យអនុវត្តទោសក្នុងពន្ធនាគារត្រឹមតែ១ឆ្នាំទោសសល់ព្យួរ ពិន័យជាប្រាក់ចំនួន២លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ។
យោងតាមក្រមព្រហ្មទណ្ឌឆ្នាំ២០០៩(មាត្រា៤៩៤បទញុះញង់)ការញុះញង់អាចត្រូវផ្តន្ទាទោសកាលអំពើនោះត្រូវបានប្រព្រឹត្ត៖១,ដោយសំដីតាមប្រភេទណាក៏ដោយ ដែលបានប្រកាសនៅទីកន្លែងសាធារណៈឬនៅក្នុងពេលប្រជុំសាធារណៈ។ ២.ដោយសំណេឬគំនូប្រភេទណាក៏ដោយដែលត្រូវបានផ្សាយនៅក្នុងចំណោមសាធារណជនឬតាំងឲ្យសាធារណជនមើល។
ដោយឡែកចំណែកមាត្រា៤៩៥បទ (ញុះញង់ឲ្យប្រព្រឹត្តបទល្មើស ជាអាទិ៍)វិញត្រូវផ្តន្ទទាទោសដាក់ពន្ធនាគារពី៦ខែដល់២ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលដល់៤លានរៀលប្រសិនជាការញុះញង់នោះមិនមានប្រសិទ្ធភាពទេ។
សូមបញ្ជាក់ថា ជនជាប់ចោទត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធករណីញុះញង់ប្រព្រឹត្តបទ ល្មើសជាអាទិ៍រឿង COVID-19 ដែលបានបង្ហោះវីដេអូឃ្លីបរបស់ខ្លួននៅលើ Account Face book ឈ្មោះ «Tep Visal» ក្រោយបង្ហោះវីដេអូឃ្លីបក៏ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវនិងចាប់ខ្លួនដោយសង្ស័យពីបទញុះញង់៕ ដោយៈឡេង បញ្ញាឬទ្ធិ