ស្បែកក្បាលឡើងប្រេងខ្លាំងជាកត្តាចម្បងបំផុតមួយនៃបញ្ហាអង្គែ។ ប៉ុន្តែកុំបារម្ភ! ខាងក្រោមនេះជារូបមន្តបែបធម្មជាតិ ដែលអាចជួយដោះស្រាយបញ្ហាស្បែកក្បាលឡើងប្រេងបាន ៖
១. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោមប្រមាណពី ២ ទៅ ៣ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ ពែង។ កូរអោយសព្វសឹមប្រើប្រាស់ល្បាយនេះលាងសម្អាតសក់ក្រោយពេលកក់ជាមួយសាប៊ូរួច។ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតសក់ចេញម្ដងទៀតជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញអោយបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
២. តែខ្មៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែខ្មៅ ២ ឬ ៣ កញ្ចប់តូចក្នុងទឹកក្ដៅ ១ ពែង។ រងចាំរហូតដល់ទឹកតែប្រែជាក្ដៅឧណ្ហៗ សឹមប្រើប្រាស់ទឹកតែនេះលាងសម្អាតសក់លើកចុងក្រោយបន្ទាប់ពីកក់សក់រួច។
៣. ទឹកក្រូចឆ្មារស្រស់
ច្របាច់ក្រូចឆ្មារ ២ ផ្លែយកទឹកលាយជាមួយទឹកធម្មតា ២ ពែងនិងទឹកឃ្មុំ ៣ ស្លាបព្រាកាហ្វេ។ កូរអោយសព្វសឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលនិងសក់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ទុកចោលសម្រាប់រយៈពេល ៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ មិនគួរអនុវត្តលើសពី ២ ដងក្នុងមួយសប្តាហ៍ឡើយ។
៤. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើលើស្បែកក្បាល។ និងរងចាំសម្រាប់រយៈពេលប្រហែល ១០ នាទី សឹមកក់សម្អាតសក់ដូចពេលធម្មតា៕
ប្រភព៖ health.com.kh