បុរសស្បែកខ្មៅម្នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ពីពន្ធធនាការក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិច កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពេលអនុវត្តទោសអស់រយៈពេល ៤៤ឆ្នាំចំពោះឧក្រិដ្ឋកម្មដែលលោកមិនបានប្រព្រឹត្តិ។
លោក Ronnie Long បាននិយាយថា “វាគឺជាផ្លូវដ៏វែងឆ្ងាយ ប៉ុន្តែវាចប់ហើយ។ វាចាប់ហើយឥឡូវនេះ”។
ក្នុងសំលៀកបំពាក់ពណ៌ខ្មៅ និងមានក្រវ៉ាក់កពណ៌ក្រហម លោកបានកោតសរសើរទៅដល់មេធាវី និងមនុស្សជាទីស្រឡាញ់របស់លោក ដែលបានតស៊ូតតាំងផ្នែកផ្លូវច្បាប់អស់រយៈពេលជាយូរ។
លោក Ronnie Long បច្ចុប្បន្នមានវ័យ ៦៤ឆ្នាំ បានរងការចោទប្រកាន់ពីបទរំលោភស្ត្រីស្បែកស។ ចៅក្រមបានចោទប្រកាន់គាត់ពីបទរំលោភ និងចោរកម្មក្នុងឆ្នាំ ១៩៧៦ និងបានកាត់ទោសគាត់ឲ្យជាប់គុកអស់មួយជីវិត។
សូមបញ្ជាក់ថា ការផ្តន្ទាទោសគាត់ត្រូវបានចាត់ជាមោឃៈវិញ ក្រោយពេលរដ្ឋ North Carolina បានដាក់បណ្តឹងនៅតុលាការសហព័ន្ធឲ្យមោឃៈទោសនោះ ក្រោយពេលមានការធ្វើការសើរើលើករណីនោះវិញ។
ការសើរើបានបង្ហាញថាភស្ថុតាង ដែលរួមមានសំណាកទឹកកាម និងស្នាមម្រាមដៃនៅកន្លែងកើតហេតុមិនស៊ីគ្នានឹងលោក Ronnie Longឡើយ៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ CNN