ជំងឺសសៃឈាមបេះដូងកើនឡើងជាលំដាប់មកទល់សព្វថ្ងៃនេះ ហើយកត្តាហានិភ័យចម្បងមួយនៃជំងឺនេះ បណ្ដាលមកពីការកើនឡើងនូវកូឡេស្តេរ៉ូលខ្ពស់ក្នុងឈាម។ ប៉ុន្តែកុំបារម្ភ! ក៏ព្រោះអ្នកអាចបញ្ចុះកម្រិតកូឡេស្តេរ៉ូលដោយគ្រាន់តែរួមបញ្ចូលផ្លែឈើមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ គួបផ្សំជាមួយការមានរបបអាហារសុខភាពល្អ ការធ្វើលំហាត់ប្រាណជាប្រចាំ និងបញ្ឈប់ទម្លាប់ដែលបង្កើនហានិភ័យ នៃបញ្ហាបេះដូងរួមមានការជក់បារី ទទួលទានគ្រឿងស្រវឹង ធាត់ជ្រុល ស្ត្រេស ជាដើម។ ថាតើផ្លែឈើទាំងនោះមានអ្វីខ្លះ?
១. ផ្លែជម្ពូ
នេះក៏ព្រោះតែផ្លែជម្ពូមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ នៅពេលរួមបញ្ចូលជាមួយសារធាតុចិញ្ចឹមផ្សេងទៀត ផ្លែជម្ពូអាចជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អគួរឱ្យកត់សម្គាល់។ ហើយការរក្សាបាននូវកម្រិតនៃកូឡេស្តេរ៉ូលល្អត្រឹមត្រូវក្នុងឈាមអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផ្សេងៗ។
២. ផ្លែស្វាយ
ផ្លែស្វាយជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C សារធាតុ pectin និងជាតិសសៃ។ ដូច្នេះការទទួលទានផ្លែស្វាយអាចទប់ស្កាត់ការប្រមូលផ្ដុំ នៃមូលេគុលខ្លាញ់មិនឱ្យស្ទះក្នុងសសៃឈាម ហើយក៏ជួយគ្រប់គ្រងនិងបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អដែលចាំបាច់សម្រាប់សុខភាពសសៃឈាមបេះដូង។
៣. ផ្លែបឺរ
ទោះបីផ្លែបឺរមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ ប៉ុន្តែជាប្រភេទនៃជាតិខ្លាញ់ល្អ ហើយអាចជួយធ្វើឲ្យកម្រិតជាតិកូឡេស្តេរ៉ូលល្អមានភាពប្រសើរឡើង ដោយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អ។ កម្រិតកូឡេស្តេរ៉ូលត្រឹមត្រូវក្នុងឈាមអាចជួយបំបាត់ការស្ទះក្នុងសសៃឈាម។ ផ្លែបឺរក៏ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានផ្លែបឺរម្ខាងរាល់ថ្ងៃជាប្រចាំ ដើម្បីចៀសផុតពីបញ្ហាស្ទះសសៃឈាម។
៤. ផ្លែល្ហុង
ផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃជាតិសរសៃ ដែលជួយបញ្ចុះកូឡេស្តេរ៉ូលមិនល្អ។ ម្យ៉ាងវិញទៀតល្ហុង មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដ៏មានប្រយោជន៍ដូចជា lycopene និង beta-carotene។ សារធាតុទាំងនេះធ្វើការរួមគ្នា ដើម្បីការពារការស្រូបយកអុកស៊ីហ្សែននៃកូឡេស្តេរ៉ូលក្នុងប្រព័ន្ធសរសៃឈាមបេះដូង។ ល្ហុងក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន B វីតាមីន C និងវីតាមីន E ដែលជួយក្នុងការគ្រប់គ្រងកម្រិតនៃ homocysteine ក្នុងលំហូរឈាមដែលទប់ស្កាត់ហានិភ័យ នៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។
៥. ប៊ិគួក
នេះក៏ព្រោះតែមើមប៊ិគួកគ្មានផ្ទុកកូឡេស្តេរ៉ូលឡើយ ដូច្នេះការទទួលទានវាមិនបង្កបញ្ហាស្ទះសរសៃឈាមនោះទេ។ ម្យ៉ាងវិញទៀតប៊ិគួកមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ូតាស្យូម និងជាតិសសៃដែលជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូល ព្រមទាំងទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់បានយ៉ាងប្រសើរ។ ហើយដូចដែលបានដឹងកន្លងមកកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ និងសម្ពាធឈាមឡើងខ្ពស់ជាកត្តាចម្បងនៃបញ្ហាជំងឺបេះដូង។
៦. ប្ល៊ូបឺរី
សារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ anthocyanins ដែលមានវត្តមានក្នុងផ្លែប្ល៊ូបឺរីជួយគ្រប់គ្រងសម្ពាធឈាមនិងកម្ចាត់កូឡេស្តេរ៉ូលមិនល្អ ហើយអ្នកនឹងចៀសផុតពីហានិភ័យនៃជំងឺបេះដូង។
៧. ផ្លែក្រូច
នោះក៏ព្រោះតែក្រូចមានផ្ទុកសារធាតុ Polymethoxylated Flavones (PMFs) ដែលជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អ។ ម្យ៉ាងវិញទៀតក្រូចក៏ជាប្រភពនៃសារធាតុ Hesperidin ដែលជួយការពារសសៃឈាមពីការស្ទះតាមរយៈការពង្រឹងសុខភាពនៃកោសិកាផងដែរ។ ដូច្នេះការទទួលទានក្រូចជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។
៨. ផ្លែប៉ោម
ជាប្រភពនៃសារធាតុ quercetin និងជាតិសសៃ ព្រមជាមួយលក្ខណៈសម្បត្តិប្រឆាំងការរលាក ជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អដែលប្រសើរបំផុត សម្រាប់រក្សាលើកកម្ពស់សុខភាពបេះដូងជៀសផុត ពីជំងឺគួរអោយព្រួយបារម្ភផ្សេងៗ។
៩. មង្ឈុត
ការទទួលទានផ្លែមង្ឃុតអាចជួយកាត់បន្ថយហានិភ័យ នៃបញ្ហាគាំងបេះដូងគួរឱ្យកត់សម្គាល់ តាមរយៈការរក្សាអត្រាចង្វាក់បេះដូងប្រក្រតី។ ការទទួលទានផ្លែមង្ឃុតក៏ជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ក្នុងរាងកាយដែលនេះជួយទប់ស្កាត់ជំងឺបេះដូងបានយ៉ាងប្រសើរផងដែរ។
១០. ទំពាំងបាយជូរ
ទំពាំងបាយជូរក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ quercetin ដែលជួយទប់ស្កាត់កូឡេស្តេរ៉ូល មិនឱ្យមានការកកស្ទះក្នុងសរសៃឈាម៕
ប្រភព៖ health.com.kh