បាត់ដំបង ៖ អាជ្ញាធរមូលដ្ឋានជួបការលំបាក ក្នុងការទប់ស្កាត់ការរំលោភបំពាន បានស្នើសុំកុំឲ្យមានកិច្ចអន្តរាគមន៍ផ្សេងៗ ពីអ្នកពាក់ព័ន្ធ ខណៈពេលចុះទៅធ្វើការទប់ស្កាត់ការសាងសងសំណង់នានា យកដីសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។
ការលើកឡើងនេះ ក្នុងវេទិកាថ្នាក់ខេត្ត ស្តីពីការប្រមូលព័ត៌មាន អំពីបញ្ហាប្រឈម របស់រដ្ឋបាលមូលដ្ឋាន និងសហគមមិនទាន់រៀបរយ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
លោក យស់ យឿន ប្រធានសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ខេត្តបាត់ដំបង បានមានប្រសាសន៍ថា នៅក្នុងខេត្តបាត់ដំបង កំពុងជួបបញ្ហាការសាងសងលើដីសាធារណៈរបស់រដ្ឋជាច្រើនកន្លែង ពិសេសនៅតាមដីចំណីផ្លូវ មាត់ស្ទឹងឬលើដីអាងស្តុកទឹកជាដើម។ល។ ពាក់ព័ន្ធនឹងបញ្ហានេះ មិនថាតែអាជ្ញាធរមូលដ្ឋាន គឺក្រុមការងារក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ខេត្ត បានចុះទៅទប់ស្កាត់រារាំង ការសាងសង់សំណងនានាទាំងនោះ ប៉ុន្តែជួបបញ្ហាជាច្រើនដូចជាពលរដ្ឋមិនសហការ ទាមទារសំណងនិងមួយទៀត ចំពោះការធ្វើសំណង់រឹងមាំមួយចំនួន ម្ចាស់សំណង់មានខ្សែអ្នកធំ បានពឹងឲ្យជួយអន្តរាគមន៍ ដែលបញ្ហានេះ ធ្វើឲ្យការទប់ស្កាត់ការរំលោភដីសាធារណៈរបស់រដ្ឋ ត្រូវរងបរាជ័យ។
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានមានប្រសាសន៍ថា សម្រាប់ការងារទប់ស្កាត់ការរំលោភដីសាធារណៈរបស់រដ្ឋនេះ ក្នុងវេទិកានេះ បានលើកយកនូវបញ្ហាក្រុងស្រុក ចំនួន ៣ ដើម្បីយកមកពិភាក្សាដោះស្រាយ ដែលមានក្រុងបាត់ដំបង ស្រុកសង្កែនិងស្រុកឯកភ្នំ ស្មើនឹង៨ឃុំសង្កាត់ ដែលកំពុងជួបនូវបញ្ហាខាងលើនេះ។
ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានស្នើសុំទៅអាជ្ញាធរខេត្តបាត់ដំបង បន្តជួយគាំទ្រសមាគមក្រុមប្រឹក្សា ក្នុងការងាររបស់សមាជិកសមាគម ដើម្បីបម្រើផលប្រយោជន៍ របស់ប្រជាពលរដ្ឋទូទៅខេត្តបាត់ដំបង ៕ ដោយ៖អ៊ុងសារុំ