ទីក្រុងវូហាន (Wuhan) ដែលជាកន្លែងផ្ទុះវីរុសកូរ៉ូណាមុនគេបង្អស់ នឹងធ្វើការបើកសាលារៀនវិញទាំងអស់ រួមទាំងសាលាមត្តេយ្យផងដែរនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរ។
គ្រឹះស្ថានអប់រំចំនួន ២.៨៤២ទូទាំងទីក្រុងនឹងធ្វើការបើកទ្វារវិញដើម្បីឲ្យសិស្សសរុបចំនួន ១,៤លាននាក់បានចូលរៀនវិញ។ ចំណែកសកលវិទ្យាល័យវូហាន (Wuhan University) នឹងត្រូវបើដំណើរការវិញនៅថ្ងៃចន្ទ។
ទីក្រុងនេះ បាននិយាយថាខ្លួនមានផែនការសម្រាប់គ្រោះអាសន្ន ដើម្បីផ្លាស់ប្តូរឲ្យមកធ្វើការបង្រៀនតាមអនឡាញវិញ ប្រសិនជាកម្រិតគ្រោះអាសន្នមានការផ្លាស់ប្តូរ។ ទីក្រុងក៏បានណែនាំឲ្យសិស្សពាក់ម៉ាសទៅ និងពេលចេញសាលាផងដែរ ព្រមទាំងចៀសវាងការប្រើប្រាស់មធ្យោបាយសាធារណៈ ប្រសិនជាអាចធ្វើបាន។
អាជ្ញាធរក៏បានបញ្ជាឲ្យសាលាទាំងអស់ស្តុកនូវឧបករណ៍ត្រួតពិនិត្យ និងគ្រប់គ្រងជំងឺ និងធ្វើការហ្វឹកហាត់ ដើម្បីជួយរៀបចំប្រសិនមានការផ្ទុះវីរុសថ្មីកើតឡើង។ ពួកគេក៏ត្រូវដាក់កម្រិតកុំឲ្យមានការប្រមូលផ្តុំទ្រង់ទ្រាយធំ និងបញ្ជូនរបាយការណ៍ប្រចាំថ្ងៃទៅអោយអាជ្ញាធរសុខាភិបាល។
សម្រាប់សិស្ស និងគ្រូបរទេណាដែលមិនទទួលបានការជូនដំណឹងនោះពីសាលាពួកគេ នឹងមិនត្រូវអនុញ្ញាតិឲ្យចូលរៀន និងបង្រៀនវិញឡើយ។
សូមរំលឹកថា វីរុសកូរ៉ូណា ដែលមានឈ្មោះផ្លូវការណ៍ថា COVID-19 បានផ្ទុះចេញពីទីផ្សារក្រុងវូហាន កាលពីចុងឆ្នាំ ២០១៩ និងបានរាតត្បាតយ៉ាងលឿនទៅជុំវិញពិភពលោក។
បើតាមតួលេខចុងក្រោយ វីរុសមរណៈនេះ បានឆ្លងទៅកាន់មនុស្សជាង ២៤លាននាក់ និងសម្លាប់មនុស្សជាង ៨០០.០០០នាក់ជុំវិញពិភពលោក៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ Reuters