ភ្នំពេញ៖ បងស្លាប់ ប្អូនរងរបួសធ្ងន់ ខណៈពេលជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តកូរ៉េបើកបញ្ច្រាសទិស ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងបឹងតាម៉ាត ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
អ្នកបើកបរម៉ូតូរងរបួសធ្ងន់មានឈ្មោះទិត្យ ពណ្ណរាយ អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសាមគ្គី សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក។ ចំណែកបងប្រុសដែលជិះខាងក្រោយស្លាប់បាត់បង់ជីវិត មានឈ្មោះទិត្យ ចាន់សត្យា អាយុ២០ ឆ្នាំមុខរបរសិស្ស ស្នាក់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
រីឯអ្នកបើកបររថយន្តមានឈ្មោះអេង សុហាន អាយុ៣០ ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅនៅភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកស៊ីធរ កណ្ដាល ខេត្តព្រៃវែង។
បើតាមសម្ដីបុរសជាសន្តិសុខដែលយាមនៅបុរីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះពីរនាក់បងប្អូន ជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពីពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1GO-9728។ ប្អូនប្រុសជាអ្នកឌុប ចំណែកបងប្រុស ជិះនៅខាងក្រោយ។ បើកតាមផ្លូវបេតុងបឹងតាម៉ាត ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកូរ៉េពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3E-5106 បើកមកបញ្ច្រាសទិសគ្នា តែចូលក្នុងផ្លូវម៉ូតូ ធ្វើឲ្យអ្នកបើកម៉ូតូចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំពីមុខពេញទំហឹង បណ្ដាលឱ្យខ្ទាតម៉ូតូថយក្រោយប្រហែលចម្ងាយ៥ម៉ែត្រ។ ជនរងគ្រោះពីរនាក់បងប្អូន បានត្រូវបានរថយន្តសង្គ្រោះរបស់ពេទ្យសួគ៌ា ដឹកមកសង្គ្រោះតែជាអកុសលឈ្មោះទិត្យ ពណ្ណរាយ ពេលមកដល់មន្ទីរពេទ្យ លោកគ្រូពេទ្យថា បានស្លាប់បាត់បង់ជីវិតទៅហើយ ដោយឡែកអ្នកបើកបររថយន្ត ត្រូវបានសន្តិសុខនិងអ្នកធ្វើដំណើរតាមផ្លូវ ជួយឃាត់ប្រគល់ទៅឲ្យសមត្ថកិច្ចខណ្ឌ ដឹកយកមកសាកសួរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ក៏បានចុះដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែងប្រគល់រថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបរទៅឲ្យជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការនគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សាមេត