ក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសនៅថ្ងៃចន្ទនេះថា នាវាចំបាំងរបស់អាមេរិចបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ នេះជាការធ្វើដំណើរកាត់កោះតៃវ៉ាន់លើកទី ២ក្នុងរយៈពេលត្រឹម ២សប្តាហ៍ ចំពេលដែលអាមេរិចនិងចិនកំពុងមានភាពតានតឹងនឹងគ្នា។
ក្រសួងបញ្ជាក់ទៀតថា នាវាពិឃាតអាមេរិច ដែលមិនស្គាល់ឈ្មោះ បានធ្វើដំណើរនៅក្នុងទិសដៅខាងត្បូងចូលតាមច្រកសមុត្រតៃវ៉ាន់ និងបានបន្តដំណើរទៅភាគខាងត្បូង។
នោះជាការធ្វើបេសកកម្មធម្មតារបស់ធានាអាមេរិច ហើយស្ថានភាពនៅធម្មតា។
សូមរំលឹកថា កាលពីថ្ងៃទី ១៨ ខែសីហានេះ នាវាពិឃាតមានបំពាក់មីស៊ីល USS Mustin បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលប្រតិបត្តិការនោះត្រូវបានយោធាចិនហៅថាជាការសកម្មភាពដ៏គ្រោះថ្នាក់ខ្លាំង។
ទាំងចិន និងអាមេរិចបានធ្វើសកម្មភាពយោធានៅក្នុងតំបន់ ទាំងនៅជុំវិញកោះតៃវ៉ាន់ និងដែនទឹកមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។
ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី Tsai Ing-wen បានធ្វើការព្រមានកាលពីសប្តាហ៍មុនថា ហានិភ័យនៃការប៉ះទង្គិចគ្នាផ្នែកយោធាកំពុងកើនឡើងខ្លាំង។
ចិនប្រកាសថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលនឹងត្រូវធ្វើការរួបរួមគ្នាវិញនៅថ្ងៃណាមួយ ខណៈតៃវ៉ាន់មិនព្រមទទួលយកគោលការណ៍របស់ចិនឲ្យអនុវត្តគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ” និងបានប្រកាសថា ខ្លួនជារដ្ឋឯករាជ្យរួចទៅហើយ៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ Reuters