បន្ទាយមានជ័យ ៖ ជនសង្ស័យឈ្មោះឬទ្ធី ពិសិដ្ឋ អនុសេនីទោ (ស័ក្តិ២) ជានាយករងប៉ុស្តិ៍នគរបាលនិមិត្ត ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដើម្បីសាកសួរពីករណីសង្ស័យប្រើប្រាស់អាវុធខុសច្បាប់ ដោយបានបាញ់រះទៅលើយុវជនរងគ្រោះម្នាក់ របួសខ្នង និងទ្រូងចាត់ការទៅតាមច្បាប់។
យោងតាមសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថា ជនរងគ្រោះមានឈ្មោះនាង មករា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាសិស្សសាលា រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ រងរបួស កំពុងសម្រាក់ព្យាបាលរបួសនៅមន្ទីរពេទ្យ។
លោកអាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ជនរងគ្រោះពិតជារងរបួស ដោយសារគ្រាប់កាំភ្លើងចំនួន១គ្រាប់ ពិតមែន កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ត្រូវចំពីក្រោយខ្នងបៀមគ្រាប់ នៅក្រោមគាកខាងស្តាំ។ លោកស្នងការខេត្តបន្តថា ក្រោយពេលទទួលបានព័ត៌មាន ពីការបាញ់បោះបង្ករបួសស្នាម សមត្ថកិច្ចក៏បានចុះទៅស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកកាន់ស្នងការខេត្តកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត បន្តនីតិវិធីចាត់ការតាមច្បាប់។
លោកស៊ុំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តបន្ទាយមានជ័យ បានសរសេរសារលើហ្វេសប៊ុកផ្លូវការថា “ប៉ូលិសនាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្តIdolរបស់ខ្ញុំ ខាងបាញ់ពលរដ្ឋពីក្រោយ លើកឡើងថា ការពារខ្លួន ដែលប្រព្រឹត្តិឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទីយប់ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នោះ ត្រូវបានចាប់ខ្លួន នឹងបញ្ជូនទៅតុលាការ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០វេលា រសៀល ។ តែមិនទាន់ដឹងច្បាស់ថា ដល់តុលាការហើយឬនៅ ហើយតុលាការសម្រេចយ៉ាងណាទេ ។ ល្អណាស់ ចំណាត់ការរបស់ឯកឧត្តមព្រះរាជអាជ្ញា មិនឲ្យផុតអាជ្ញាយុកាល បទល្មើសជាក់ស្តែង”។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ដែលបានចុះស៊ើបអង្កេតរឿងនេះមានប្រសាសន៍ប្រាប់អ្នកកាសែតថា ការបាញ់ប្រជាពលរដ្ឋបែបនេះ ជាអំពើមនុស្សឃាតដោយចេតនាក៏ប៉ុន្តែជាសំណាងល្អដែលយុវជនរួបនោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ទាន់ពេលវេលាមិនបណ្តាលឲ្យស្លាប់ ។ លោកថា អាជ្ញាធរពាក់ព័ន្ធគួរតែចាត់វិធានរឿងនេះតាមច្បាប់ជាបន្ទាន់ ដោយមិនអាចលើកលែងបានឡើយ។ លោកបញ្ជាក់ថា ប្រសិនបើអាជ្ញាធរមិនចាត់វិធានការរឿងនេះទេ គឺជាការអនុវត្តច្បាប់ស្តង់ដារ២ ដោយផ្ដន្ទាទោសចំពោះតែជនក្រីក្រ និងគ្មានអំណាច ចំណែកអ្នកមានលុយ និងមានអំណាចរស់នៅក្រៅសំណាញ់ច្បាប់៖ « អីចឹងបាញ់ចំពីក្រោយទៀតអីចឹងចេតនាគឺចង់បានលទ្ធផលគឺជនរងគ្រោះស្លាប់។ អីចឹងបើជនរងគ្រោះស្លាប់ ឬរបួសធ្ងន់ធ្ងរណាមួយនេះគឺជាការផ្ដើមចេញអំពីអំពើទុច្ចរិតរបស់សមត្ថកិច្ច។ អីចឹងទាំងអស់នេះហើយដែលខាងសមាគមអាដហុកបានទទួលពាក្យបណ្ដឹងរបស់គាត់ហើយ ហើយបានស៊ើបអង្កេតទៅលើរឿងហ្នឹង ហើយក៏បានអន្តរាគមន៍ខ្លះៗទៅតាមតេឡេក្រាមជាមួយព្រះរាជអាជ្ញាដែរ ដើម្បីឱ្យជួយចាត់ការរឿងនេះ ដើម្បីកុំឱ្យជនប្រព្រឹត្តដែលជាសមត្ថកិច្ចហ្នឹងរួចខ្លួន ចេះតែសុខផុតពីសំណាញ់ច្បាប់។»
សមត្ថកិច្ចថា ជនសង្ស័យរាលកៃកាំភ្លើងត្រូវចំក្មេងទំនើង មុខសញ្ញាចាស់ប្រើប្រាស់ថ្នាំញៀនចំណែកអណាព្យាបាល ថាកូនគាត់ពុំមែនជាក្មេងទំនើងអ្វីទេ ។
បណ្តាញសង្គមបានលើកឡើងជាមតិថា ក្រុមអ្នកធ្លាប់ប្រើប្រាស់អាវុធ បានលើកឡើងថា សមត្ថកិច្ច គប្បីទុកដាក់អាវុធឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាត របស់កងកម្លាំងរាជរដ្ឋាភិបាល មិនមែនឲ្យតែមានលុយចេះតែនាំគ្នីគ្នា ទិញកាំភ្លើងមកប្រើប្រសេចប្រសាចដូចនេះទេ ហើយអ្វីដែលប្រឈមមុខនោះ គឺមិនចេះប្រើប្រាស់អាវុធឲ្យត្រូវតាមសភាពការណ៍ជាក់ស្តែងទៀតផង ។
ក្រុមអ្នកជំនាញផ្នែកអាវុធបានលើកឡើងថា អ្នកចេះប្រើអាវុធ ដូចគ្រូបង្រៀនដែលចេះប្រើសៀវភៅអីចឹងដែរ ។
ក្រុមអង្គការសង្គមស៊ីវិល ទទួចឲ្យមានការស៊ើបអង្គេតលើករណីផ្ទុះអាវុធ ដែលបណ្តាលឲ្យយុវជនម្នាក់ រងរបួសនៅសង្កាត់និមិត្ត នាថ្ងៃទី២៧ ខែសីហា ២០២០កន្លងទៅនេះ ។
សូមបញ្ជាក់ថា នៅក្រុងប៉ោយប៉ែតនេះ ករណីរាលកៃអាវុធហាក់កើតមានញាប់ពេកហើយ រហូតមានសមត្ថកិច្ចខ្លះស្បថលែងចង់ប៉ះពាល់អាវុធទៀតផង។ ដូចករណី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចស្តង់តាងួន ក្រុងប៉ោយប៉ែត បុរសម្នាក់ស្លាប់ ហើយមិនទាន់មានពន្លឺទទួលបានយុត្តិធម៌នៅឡើយផង ។
បើយោងតាមទង្វើនិងសកម្មភាព មិនគួរណាឈានដល់លើកអាវុធ មកកេះកៃបានទេ ព្រោះបទល្មើស មិនមានអ្វីជាដុំកំភួននោះទេ ៕ ដោយ៖ឡេង បញ្ញាឬទ្ធិ