បន្ទាយមានជ័យ៖ លោកឧត្តមសេនីទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ច ដោយតែងតាំងលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ជាស្នងការវិញ ហើយពិធីផ្ទេរតំណែងស្នងការខេត្តបន្ទាយមានជ័យ ជាផ្លូវការគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។
យោងតាមប្រភពព័ត៌មាន ពីខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះថា លោក ឧត្តមសេនីទោ អាត់ ខែម បានសរសេរនិងចុះហត្ថលេខា លើលិខិតផ្ទេរសិទ្ធិជាស្នងការថ្មី ជូនទៅលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ រួចរាល់ហើយ ហើយរង់ចាំតែថ្ងៃប្រកាសតែងតាំង ជាផ្លូវការនៅពេលខាងមុខ។ លិខិតផ្ទេរភារកិច្ចនេះ ត្រូវបានប្រកាសក្នុងកម្មវិធីប្រជុំ នៅសាលប្រជុំនៃស្នងការខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះតែម្តង។
គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អាត់ ខែម ដល់អាយុចូលនិវត្តន៍ និងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ តាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះមហាក្សត្រ កម្ពុជា។ ចំណែកលិខិតផ្ទេរសិទ្ធិ ន.ប.ន ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នោះ ត្រូវបានផ្សព្វផ្សាយដល់មន្ត្រីនគរបាល នៃស្នងការខេត្តបន្ទាយមានជ័យ ដែលបានចូលរួមប្រជុំដឹកនាំអង្គប្រជុំដោយលោកស្នងអាត់ ខែម ដែលមានស្នងការរង និងនគរបាលចំណុះឲ្យស្នងការខេត្តបន្ទាយមានជ័យ ជាច្រើនរូបទៀត៕ ដោយ ៖ ឡេងបញ្ញាឬទ្ធិ