ភ្នំពេញ ៖ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្តីពីការវិវត្តន៍នៃប្រព័ន្ធឌីជីថលនៅកម្ពុជា។
គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីការវិវត្តន៍ នៃប្រព័ន្ធឌីជីថលរបស់ទីផ្សារកម្ពុជា ដល់ក្រុមហ៊ុនជប៉ុន និងដើម្បីផ្តល់ឱកាសសម្រាប់បង្កើតទំនាក់ទំនងធុរកិច្ចរវាងធុរជនកម្ពុជា-ជប៉ុន ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍។
សិក្ខាសាលានេះ ត្រូវបានសហការរៀបចំឡើងរវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ដោយទទួលបានការចាប់អារម្មណ៍ចូលរួមពីធុរជនជប៉ុន រហូតដល់១៦០ក្រុមហ៊ុន។
ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងលោក Masahiro Miyao ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុននៅភ្នំពេញ បានដឹកនាំកិច្ចប្រជុំនិងសិក្ខាសាលានេះ។
លោក Masahiro Miyao បានលើកឡើងថា ជប៉ុនមានចំណាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅកម្ពុជា ហេតុដូច្នេះ ថ្ងៃនេះ សភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានសហការរៀបចំសិក្ខាសាលានេះឡើង ដើម្បីបញ្ជ្រាបព័ត៌មានអំពីវិស័យសក្កដានុពល និងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នេះដល់ធុរជនជប៉ុន។
ពាក់ព័ន្ធនឹងវិស័យនេះ កម្ពុជាត្រូវបានគេទទួលស្គាល់ថា មានសក្កានុពលទីផ្សារខ្ពស់ ចំណែកប្រព័ន្ធច្បាប់កម្ពុជាវិញមានភាពបើកចំហ និងអំណោយផល បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង។ លើសពីនេះ កម្ពុជា មានចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃច្រើនដែលតភ្ជាប់ប្រព័ន្ធអ៊ីនធើណិត ហើយនិយោជិតភាគច្រើន អាចធ្វើការទូទាត់ដោយខ្លួនឯងតាមប្រព័ន្ធឌីជីថល។
បន្ទាប់ពីស្ដាប់បទបង្ហាញរួច ធុរជនជប៉ុន បានបង្ហាញចំណាប់អារម្មណ៍លើការអភិវឌ្ឍកម្មវិធី software កសិឧស្សាកម្ម ចំណីអាហារ និងវិស័យមួយចំនួនទៀត ហើយបានស្នើសុំព័ត៌មានលម្អិតអំពីអ្នកប្រើប្រាស់អ៊ិនធឺណិត និងនិន្នាការអ្នកប្រើប្រាស់អ៊ិនធឺណិត។
ជាចុងក្រោយ សភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានឯកភាពថា នឹងបន្តសហការគ្នាក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗនាពេលខាងមុខ ដើម្បីផ្ដល់ព័ត៌មាន និងផលប្រយោជន៍ដល់ធុរជនទាំងសងខាង៕
ដោយ៖CEN