ភ្នំពេញ៖ បើតាមអ្នកឯកទេសដីធ្លី បានឱ្យដឹងថា ចលនាទិញ-លក់ធ្លីនៅជិតទីតាំងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មិនសូវមានការទិញ-លក់ច្រើនដូចមុនទេ រីឯតម្លៃវិញ ក៏រក្សាលំនឹងថេរនារយៈពេលពីរ ឬបីខែចុងក្រោយនេះដែល ប៉ុន្តែអ្នកជំនាញបានមើលឃើញថា តម្លៃដីធ្លីនៅទីនោះ អាចនឹងងើបឡើងវិញក្នុងដំណាក់កាលព្រលានយន្ត ហោះសាងសង់រួចរាល់។
គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតក្នងខេត្តកណ្តាល និងខេត្តតាកែវ។ លោក ជាម ប៊ុនជួ ប្រធានផ្នែកស្រាវជ្រាវ និងវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន VTrust Appraisal ប្រចាំខេត្តកណ្តាល បានឱ្យដឹងថា តម្លៃដីធ្លីនៅស្រុកកណ្តាលស្ទឹង បច្ចុប្បន្ន បានរក្សាក្នុងលំនឹងចន្លោះពី ៧០ ទៅ ៩០ ដុល្លារ (តម្លៃទិញ-លក់) ក្នុងមួយម៉ែត្រការ៉េ។ ហាងឆេងនេះ គឺសម្រាបប់ទីតាំងដីដែលចុះពីផ្លូវជាតិលេខ ២ ចំងាយ ៤ ទៅ ៥គីឡូម៉ែត្រឆ្ពោះទៅកាន់គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ។
លោកបន្តថា មុនពេលគម្រោងព្រលានយន្តហោះនេះ មិនទាន់ចាប់ផ្តើមសាងសង់ តម្លៃដីនៅតំបន់នោះដាក់លក់ជាមធ្យមចន្លោះពី ១០ ទៅ ២០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយបានកើន ដល់៩០ ដុល្លារក្នុងមួយម៉ែត្រការ៉េនាពេលបច្ចុប្បន្ននេះ។
លោកថ្លែងថា៖ « ដីនៅតំបន់ហ្នឹងបានឡើងក្នុងកម្រិតមួយខ្ពស់រួចទៅហើយ អ៊ីចឹងវានៅទ្រឹងមួយរយៈ។ ប៉ុន្តែតម្លៃដីនៅតំបន់នេះនឹងហក់ឡើងម្តងទៀតក្នុងដំណាក់កាលទីពីរ គឺនៅពេលដែលព្រលានសាងសង់រួចជាស្ថាពរ។»
គួរបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានចាប់ផ្តើមសាងសង់កាលពីខែកញ្ញា ឆ្នាំ២០១៩ លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា លាតសន្ធឹងពីក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងផ្នែកដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ហើយរំពឹងថា នឹងសាងសង់រួចរាល់ នៅឆ្នាំ២០២៣ ខាងមុខ៕
ដោយ៖CEN