ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មជប៉ុននៅកម្ពុជា បានស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បើកប្រតិបត្តិការហោះហើរត្រង់មកកម្ពុជា នៅមុនពេលកំណត់ ដែលគ្រោងធ្វើឡើងក្នុងខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីជំរុញឲ្យវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជា ហើយគម្រោងនេះត្រូវបានធ្វើ ឡើងរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជា លោក Kanda Yogo ដែលទើបនឹងតែងតាំងថ្មី។
ជាមួយនិងការលើកឡើងនះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សង្ឃឹមថា ក្រុមហ៊ុនអាកាសចរជប៉ុន ANA នឹងចាប់ផ្តើមការហោះហើរផ្ទាល់រវាងប្រទេសជប៉ុន និងកម្ពុជាឡើងវិញ នាពេលឆាប់ៗខាងមុខ ដែលនឹងជួយជំរុញឲ្យទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើង។
ឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើងថា សកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុនទាំងអស់ ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធឧស្សាហកម្ម កម្ពុជាពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញឲ្យបានត្រឹមឆ្នាំ២០២៥។
គួរបញ្ជាក់ថា គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន ១៤៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៨ពាន់លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក៕
ដោយ៖CEN