ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ងត៍ ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកនឹងនាគពុះចែកផ្លូវ រួចក៏ខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង 9 និង 20 នាទីយប់ថ្ងៃសៅរ៍ទី 5 ខែកញ្ញា ឆ្នាំ 2020 នៅតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងសង្កាត់មនោរម្យ ខណ្ឌ 7 មករា រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តប្រភេទប្រឡុកស៊ីម៉ងត៍មួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ( 5-A 00 69) ធ្វើដំណើក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ស្របពេលជិតដល់ចំណុចកើតហេតុ ក៏បួងចង្កូតជ្រុលទៅបុកទ្រូងនាគពុះចែកផ្លូវ បាក់អស់មួយកង់ រួចក៏ខ្ទាតទៅប៉ះនិងមូតូទ្រីមសង់ស៊េរី ឆ្នាំ2020មួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
បញ្ជាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមានអ្នករងរបួសទេ ហើយមិនមានអ្នកស្លាប់នោះ ដោយរងការខូចខាតតែនាគពុះចែកផ្លូវមួយកង់ និងម៉ូតូមួយគ្រឿង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត ទៅរក្សានៅចរាចរណ៍ជើងគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ សា មេត