ភ្នំពេញ៖បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាដឹកអ្នកដំណើរ ក្នុងល្បឿនលឿន ស្របពេលស្រវឹងជោកជាំ រួចក៏ជ្រុលចង្កូតទៅបុកនឹងរថយន្តក្រុងពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជើងស្លាប់អ្នករួមដំណើរម្នាក់យ៉ាងអណោចអធ័ម។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង 9 និង 40 នាទីយប់ថ្ងៃសៅរ៍ទី 5 ខែកញ្ញាឆ្នាំ 2020 នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាព ខណ្ឌ 7 មករា រាជធានីភ្នំពេញ។
សពបុរសខាងលើមិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដ។
បើយោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តក្រុងដឹកអ្នកដំណើមួយគ្រឿង ដែលពាក់ផ្លាកលេខ (3E 22 40)ធ្វើដំណើរក្នុងទិសដៅពី ត្បូងមកជើង ក្នុងល្បឿនធម្មតា ស្របពេលភ្លាមនោះដែរ គេបានឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត ដែលពាក់ផ្លាកលេខ(1H-M1859 )ដឹកអ្នកដំណើរក្នុងទិសដៅស្របទិសគ្នាពីត្បូងមកជើង ក្នុងស្ថានភាពស្រវឹងជោក ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បួងចង្កូតវ៉ាស្តាំមិនផុតជ្រុលទៅបុករថយន្តក្រុងដឹកអ្នកដំណើរ ពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើង និងស្លាប់បាត់បង់ជីវិតអ្នករួមដំណើរយ៉ាងរន្ធត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កឃាត់ខ្លួនម្ចាស់រថយន្តក្រុងដឹកអ្នកដំណើរ និងតែកុងកង់បីឥណ្ឌាយកទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ រួចទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងដើម្បីយករថយន្តក្រុង និងកង់បីទៅរក្សាទុកនៅចរាចរណ៍ជើងគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ សា មេត