Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាស៊ាន​កំពុង​ព​ន្លឿ​ន​ការអនុវត្ត​គម្រោង​បណ្ដុះបណ្ដាល​ជំនាញ​ទេសចរណ៍​ថ្មី​

​ភ្នំពេញ ៖ លោក លីម ចុក​ហូ​យ (Lim Jock Hoi) អគ្គលេខាធិការ​អាស៊ាន នា​រសៀល​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​លើកឡើងថា អាស៊ាន​កំពុង​ព​ន្លឿ​ន​ការអនុវត្ត​ម្រោ​ង​ថ្មី​នៃ​ការបណ្ដុះបណ្ដាល​ជំនាញ​ទេសចរណ៍​អាស៊ាន តាម​ប្រព័ន្ធ​អន​ឡាញ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​

​លោក​ថ្លែង​បែបនេះ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​៣ ស្ដីពី​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (MRA) តាម​ប្រព័ន្ធ Video Conference​។ សន្និសីទ​អន្តរជាតិ​នេះ​ត្រូវ​បានរៀបចំ​ដោយ​ប្រទេស​ហ្វីលីពីន ក្រោម​ប្រធានបទ «​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​៖ សម្រប​ខ្លួន​ជាមួយនឹង​ទម្លាប់​ថ្មី​» ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ផ្នែក​ឯកជន ជាពិសេស​ស្ថាប័ន​អប់រំ​បណ្ដុះបណ្ដាល​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ប្រមាណ ១,០០០​នាក់ និង​មានការ​ចូលរួម​កម្មវិធី​បើក​ដោយ​លោកស្រី Bernadette Romulo Puyat រដ្ឋមន្ត្រី​ទេសចរណ៍​ហ្វីលីពីន ហើយ​មន្ត្រី​ជំនាញ​ក្រសួងទេសចរណ៍​កម្ពុជា ក៏បាន​ចូលរួម​ជា​វាគ្មិន​នៃ​កិច្ចពិភាក្សា​ផងដែរ​។​

​លោក​អគ្គលេខាធិការ លីម ចុក​ហូ​យ បាន​ប្រាប់​ឲ្យ​ដឹងថា អាស៊ាន​មាន​ប្រព័ន្ធ​ចុះបញ្ជី​អ្នកជំនាញ​ទេសចរណ៍​សម្រាប់​សម្រួល​ការ​បម្លាស់​ការងារ ដែល​អ្នក​ប​ម្រី​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​អាស៊ាន​ទាំងអស់​អាច​ទទួលបាន​នូវ​ប្រភព​ឯកសារ ដើម្បី​ធ្វើការ​បណ្ដុះបណ្ដាល​ជំនាញ​តាម​ប្រព័ន្ធ​អន​ឡាញ ជា​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បន្ថែម (Upskilling) និង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​ថ្មី (Re-skilling) ដើម្បី​ពង្រឹងសមត្ថភាព​ក្នុងកំឡុងពេល​កូ​វីដ​-១៩​នេះ​។​

​លោក​ថា «​អាស៊ាន​កំពុង​ព​ន្លឿ​ន​ការអនុវត្ត​ម្រោ​ង​ថ្មី​នៃ​ការបណ្ដុះបណ្ដាល​ជំនាញ​ទេសចរណ៍​អាស៊ាន តាម​ប្រព័ន្ធ​អន​ឡាញ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​»​។​ដោយ​វិស័យ​ទេសចរណ៍ គឺជា​វិស័យសេដ្ឋកិច្ច​ចម្បង​របស់​អាស៊ាន ដែល​ត្រូវបាន​រង​ផលប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​កូ​វីដ​-១៩ ការស្ដារ​ឡើងវិញ​នៃ​វិស័យនេះ គឺជា​អាទិភាព​គន្លឹះ​ក្នុង​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដើម្បី​ធានា​ឲ្យ​បាន​ថា​វិស័យ​ទេសចរណ៍ នៅតែ​ជា​វិស័យ​ដែល​បង្កើត​ប្រាក់ចំណូល​ចូល​សេដ្ឋកិច្ចជាតិ និង​ជា​ប្រភព​ចម្បង​នៃ​ការងារ​។​
​ក្នុងន័យនេះ លោក​អគ្គលេខាធិការ​បា​ន​រំលឹក​ពី​ស្មារតី​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ កាលពី​ខែមិថុនា​កន្លងទៅ ដោយ​ប្រមុខ​ដឹកនាំ​កំពូល​បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ការ​ដាក់ចុះ វិធានការ​ឆ្លងដែន​មួយចំនួន ដូចជា Travel Bubble ឬ Travel Corridors ដែលជា​ជំហាន​ដំបូង​នៃ​ការសម្រួល​ការ​ងើប​ឡើងវិញ​នៃ​តំបន់​។​

​លោក​បាន​អះអាងថា ក្នុង​បរិបទ​បច្ចុប្បន្ន វិស័យ​ទេសចរណ៍​ត្រូវ​ដើរតួនាទី​កាន់តែ​បន្ទាន់​ដែល​មិន​ធ្លាប់មាន​ពីមុនមក ក្នុង​ការនាំ​តំបន់​ត្រឡប់មក​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ យ៉ាងហោចណាស់​តាមរយៈ​សម្រួល​ឲ្យ​មានការ​ធ្វើដំណើរ​ធុរកិច្ច​ចាំបាច់​មួយចំនួន ព្រមទាំង​ស្ដារ​ទំនុកចិត្ត​អ្នកធ្វើដំណើរ​ឡើងវិញ​។​

​សូម​រំលឹកថា សន្និសីទ​ស្ដីពី​កិច្ចព្រមព្រៀង​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (MRA) ត្រូវបាន​រៀបចំ​២​ឆ្នាំ​ម្ដង ដែល​លើក​ទី​១ ឆ្នាំ​២០១៦ នៅ​ប្រទេស​ឥណ្ឌូនេស៊ី លើក​ទី​២ ឆ្នាំ​២០១៨ នៅ​កម្ពុជា​។​
​ឆ្នាំ​២០១៩ អាស៊ាន​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​ជាង ១៣៣​លាន​នាក់ ក្នុង​កំណើន ៧% ក្នុងនោះ​ទេសចរ​ផ្ទៃក្នុង​អាស៊ាន (ASEAN Intra-Traveler) មាន​ប្រមាណ ៤០% បង្កើត​ការងារ​ផ្ទាល់​ប្រមាណ ៣០​លាន​នាក់ ស្មើនឹង ៩.៧% នៃ​ការងារ​សរុប និង​ចូលរួម​បង្កើត​ចំណូល​ក្នុង​សេដ្ឋកិច្ច​ជាតិប្រមាណ ១០% នៃ GDP ប៉ុន្តែ​តាម​ការប៉ាន់ស្មាន​ជាបឋម ឆ្នាំ​២០២០ អាច​នឹងមាន​ការធ្លាក់​ចុះ​នៃ​ទេសចរ​អន្តរ​ជាតិប្រមាណ​ពី ៧០-៨០%៕
​ដោយ​៖CEN​

×