បាត់ដំបង ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សោភា ទេសរដ្ឋមន្ត្រីទទួលកិច្ចការងារកម្ចាត់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងវិស្វកម្មកងយោងធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា ការសម្រេចលទ្ធផលល្អជាបន្តបន្ទាប់របស់កម្ពុជា នៃផែនការបោសសម្អាតមីននៅទូទាំងប្រទេស ដោយសារមានកត្តា ៤យ៉ាងគឺទី១. ការដាក់ចេញនូវយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យមីន ស្របទៅនឹងគោលការរបស់អង្គការសហប្រជាជាតិ ទី២. ការឧបត្ថម្ភគាំទ្រពីប្រទេសម្ចាស់ជំនួយ លើការងារបោសសម្អាតកាកសំណល់ពីសង្គ្រាម ទី៣. ការចូលរួមរបស់ប្រតិបត្តិករ (ស៊ីម៉ាក់ មេក ហេឡូត្រាស់ជាដើម) និងទី៤. ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន។
ការលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជនពិការ និងសម្ពោធសមិទ្ធផលជាជំនួយរបស់ប្រទេសជប៉ុន កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងស្រុកសំឡូត ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ មាស សោភា ទេសរដ្ឋមន្ត្រីទទួលកិច្ចការងារកម្ចាត់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងវិស្វកម្មកងយោងធពលខេមរភូមិន្ទ។
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សោភា ទេសរដ្ឋមន្ត្រីទទួលកិច្ចការងារកម្ចាត់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងវិស្វកម្មកងយោងធពលខេមរភូមិន្ទ បានមានប្រសាសន៍បន្ថែមថា តាមផែនការរបស់អង្គការសហប្រជាជាតិ គឺត្រូវធ្វើការបោសសម្អាតគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឲ្យអស់នៅឆ្នាំ២០២៥ ដោយក្នុងនាមជាប្រទេសពាក់ព័ន្ធ។ កម្ពុជានឹងខិតខំបំពេញនូវកាតព្វកិច្ចមួយនេះ ឲ្យអស់ពីសមត្ថភាព។
ឯកឧត្តម មាស សោភា បានអំពាវនាវដល់ពលរដ្ឋ ពិសេសអ្នកនៅស្រុកសំឡូត ត្រូវចៀសវាងឲ្យឆ្ងាយពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីកុំឲ្យមានរងគ្រោះ ដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្តទៅទៀត ហើយអ្នកពាក់ព័ន្ធ ក្នុងនោះមានអាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយអប់រំឲ្យកាន់តែខ្លាំងក្លាថែមទៀតពីបញ្ហាគ្រាប់មីននេះ ដល់ប្រជាពលរដ្ឋ។ សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋជាជនពិការ ត្រូវបន្តខិតខំថែរក្សាសុខភាព ហើយប្រាប់ដល់ជនពិការជាអតីតយុទ្ធជន កុំអស់សង្ឃឹមក្នុងជីវិត ព្រោះសម្តេចតេជោ នាយករដ្ឋមន្ត្រី មិនបោះបង់ពួកគាត់ទេ ដោយសម្ដេចបានបង្កើតសមាគមអតីតយុទ្ធ ក្នុងការងារជួយដល់អតីតយុទ្ធជនគ្រប់រូប ។
ឯកឧត្តម អ៊ុំ ភូមិរ៉ូ អគ្គនាយករងមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា សមិទ្ធផលស៊ីម៉ាក់ សម្រេចបាន ចាប់ពីឆ្នាំ១៩៩២ ដល់ចុងខែមិថុនា ឆ្នាំ២០២០ សម្រាប់ក្របខ័ណ្ឌនៅទូទាំងប្រទេស រំដោះផ្ទៃដីសរុបបានចំនួនជាង១៩៩០គីឡូម៉ែត្រក្រឡា និងរកឃើញគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនជិត ៤លានគ្រាប់៕ ដោយ៖អ៊ុងសារុំ