ព្រះសីហនុ៖ នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១២-២១៣ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចចរាចរណ៍បានអោយដឹងថា មានករណីគ្រោះចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តCAMRY បាឡែន១គ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2S-3447 អ្នកបើកបរឈ្មោះ ដូវ៉ាន់ ទៀន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ វៀតណាម កាន់លិខិតឆ្លងដែនលេខ B8900066 មុខរបរកម្មកររោងចក្រហុកជូ មានអ្នករួមដំណើរចំនួន២នាក់៖
១-ឈ្មោះង៉ូ យឿងថៃ ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ វៀតណាម មុខរបរ កម្មករ។ ២-ឈ្មោះដូ វ៉ាន់តិន ភេទប្រុស អាយុ ២៥ឆ្នាំជនជាតិវៀតណាម មុខរបរកម្មករ អ្នកទាំងបី ស្នាក់នៅរោងចក្រហុកជូ ក្នុងភូមិអូរតាសេក ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបន្តទៀតថាយន្តកាមរី មានទិសដៅពីក្នុងក្រុងព្រះសីហនុ ចេញមកព្រៃនប់ (អ្នករួមដំណើរទាំងអស់ ទើបនឹង ចេញពីការហូបចុកនៅម្តុំមូលតោ)។ លុះដល់ចំណុចខាងលើផ្លូវកោងក៏បានរ៉េចង្កូតទៅខាងឆ្វេងដៃ បុកពីចំហៀងរថយន្តដឹកឥដ្ឋ១គ្រឿងម៉ាក HYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3C-8654 ដែលមានទិសដៅបញ្ច្រាស់គ្នា។ គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់ អ្នកបើករថយន្ត ឈ្មោះដូ វ៉ាន់ទៀន ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បច្ចុប្បន្នត្រូវបានបងប្រុសបង្កើត និង ក្រុមហ៊ុនហុកជូ លនចាត់ចែងយកសព ទៅប្រទេសវៀតណាម។
ចំណែករងរបួសមួយនាក់ ឈ្មោះង៉ូ យឿងថៃ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេ។ អ្នករួមដំណើរម្នាក់ទៀតឈ្មោះ ដូ វ៉ាន់តិន មិនមានរងរបួសឡើយ ហើយអ្នកបើកបររថយន្តដឹកឥដ្ឋ បានគេចខ្លួន មុនសមត្ថកិច្ចទៅដល់។
បច្ចុប្បន្នរថយន្តទាំង២គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយបន្ត៕