បាត់ដំបង ៖ លោក សោម ប៊ុនឡុង ប្រធានសមាគមសហគ្រិនឈានមុខខេត្តបាត់ដំបង បានមានប្រសាសន៍ថា ក្រុមយុវជននិងអាជីវករ រួមគ្នាបង្កើតសមាគមមួយ ដើម្បីប្រមូលថវិកាទៅផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងខេត្តសៀមរាប ដែលកំពុងខ្វះខាតថវិកា សម្រាប់ផ្គត់ផ្គង់ជួយសង្គ្រោះកុមារ នៅក្នុងឆ្នាំ២០២០នេះ និងកំពុងដង្ហោយស្វែងរកឲ្យសប្បុរសជនឲ្យជួយឧបត្ថម្ភគាំទ្រ។
ការលើកឡើងនេះ ក្នុងពិធីអញ្ជើញជាវាគ្មិនធ្វើបទបង្ហាញស្តីពីការរៀបចំខ្លួន ដើម្បីក្លាយជាបុគ្គលឆ្នើមនិងម្ចាស់អាជីវកម្មឆ្នើម គឺគោលដៅប្រមូលថវិកាជួយមន្ទីរពេទ្យកុមារអង្គរ ដែលធ្វើឡើងកាលពីថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២០នៅខេត្តបាត់ដំបង។
លោក សោម ប៊ុនឡុង ប្រធានសមាគមសហគ្រិនឈានមុខខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា សមាគមនេះ បង្កើតឡើងក្នុងគោលបំណងជួយសមាជិក តាមរយៈការផ្ដល់ចំណេះដឹង បណ្ដុះបណ្ដាលឬចែករំលែកបទពិសោធផ្សេងៗ ហើយក្នុងនោះ ក៏មានការងារមនុស្សធម៌ផងដែរ។ ចំពោះការងារមនុស្សធម៌នេះ ដោយមើលឃើញ មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យជួយព្យា
បាលជំងឺរបស់កុមារ ដោយមិនគិតថ្លៃ កំពុងតែជួបបញ្ហាខ្វះខាតថវិកា។ សមាគម បានសហការជាមួយលោក ឃីម សុខហេង ស្ថាបនិក វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ បានរៀបចំកម្មវិធីរ៉ៃអង្គាសថវិកាជួយមន្ទីរពេទ្យនេះ។
លោក ឈុំ ឆេងលី ប្រធានផ្នែករ៉ៃអង្គាសរបស់មន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា មន្ទីរពេទ្យកុមារអង្គរ គឺធ្វើការងារទៅលើចំណុច ៣ធំៗ មានសេវាពិនិត្យព្យាបាល ការអប់រំបណ្ដុះបណ្ដាលសិស្ស និស្សិតសិក្សាផ្នែកវេជ្ជសាស្ត្រ និងការអប់រំបង្ការនៅតាមសហគមន៍ ហើយមន្ទីរក៏មានការទទួលសម្រាកព្យាលជំងឺរបស់កុមារ រួមទាំងផ្ដល់អាហារ៣ពេលក្នុងមួយថ្ងៃៗ។ មានកុមារចន្លោះពី ៥០០ទៅ៦០០នាក់ នៅទូទាំងប្រទេស មករកសេវាព្យាបាលក្នុងមន្ទីរពេទ្យ។ ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យកុមារអង្គរ ត្រូវការថវិកាប្រមាណ ៦លាន៥សែនដុល្លារ ដើម្បីក្នុងការទ្រទ្រង់ប្រចាំឆ្នាំ ដោយប្រភពថវិកា ៨៥ភាគរយ បានមកពីក្រៅប្រទេសនិង១៥ភាគរយ បានមកពីរាជរដ្ឋាភិបាលកម្ពុជា និងសប្បុរជននានា។
ជាមួយគ្នានេះ តំណាងមន្ទីរពេទ្យកុមារអង្គរ លោក ឈុន ឆេងលី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងសប្បុរសជននានា ដែលបានបរិច្ចាគថវិកាជួយមន្ទីរពេទ្យ ហើយក៏សូមបន្តជួយឧបត្ថម្ភទៀត ខណៈមន្ទីរពេទ្យនៅកំពុងខ្វះខាតថវិកាសម្រាប់ផ្គត់ផ្គង នៅឆ្នាំ២០២០នេះនៅឡើយ៕ ដោយ ៖ អ៊ុងសារុំ